លោកហ៊ុយ វណ្ណៈ ពន្យល់ពាក្យ «សេរីភាព & សិទ្ធិ»

ភ្នំពេញ៖លោកហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសរសេរសំណេរពន្យល់ពាក្យ «សេរីភាព & សិទ្ធិ» ។

លោកហ៊ុយ វណ្ណៈ សរសេរថា៖
«សេរីភាព & សិទ្ធិ» តើខុសគ្នាដូចម្តេច?
១- ពិតជានៅមានការយល់ច្រឡំរវាង «សេរីភាព & សិទ្ធិ» ដែលគួរត្រូវបាន បកស្រាយ បំភ្លឺ។
– សេរីភាព៖ មានព្រំដែន និងមានដែនកំណត់។
– សិទ្ធិ៖ មនុស្សគ្រប់រូបមានសិទ្ធិពីកំណើត ហើយមិនអាចនរណារំលោភបំពានបានទេ។ ពាក្យ២នេះជួនកាលគេប្រើផ្គួបចូលគ្នា។ តែការពិត វាមិនដូចគ្នាទេ។ ក៏សូមចាំថា៖ «សេរីភាព» មិនអាចបំពាន «សិទ្ធិ» បានទេ។ ហើយក៏មិនអាចយក សិទ្ធិ ទៅខ្ទប់ សេរីភាព ទាំងបំពានបានដែរ។ ទាំង២នេះ ត្រូវគោរពគ្នា ប៉ុន្តែ គោរពសិទ្ធិខ្ពស់បំផុត។
២- គេអាចដាក់សំណួរថា៖ ចុះរវាង «សេរីភាពសារព័ត៌មាន» និង «សិទ្ធិមនុស្ស» តើគោរពមួយណាមុនគេបំផុត? គឺត្រូវតែបំពេញការងារដោយគោរពសិទ្ធិមនុស្សមុនគេបំផុត។
៣- បងប្អូនសារព័ត៌មានខ្លះប្រើប្រាស់ «សេរីភាព» ផ្សាយ Live អត្ថាធិប្បាយ វិនិច្ឆ័យ… ដែលពេលខ្លះជ្រុល ក៏ឈានទៅ «រំលោភសិទ្ធិជាមូលដ្ឋានរបស់បុគ្គល និង តម្លៃ សេចក្តីថ្លៃថ្នូររបស់មនុស្ស»។ អង្គការសិទ្ធិមនុស្សខ្លះ ភ្លេចខ្លួន ក៏ថែមប៊ីចេង និងកាន់ជើងទៅទៀត។ សួរថា ហេតុម្តេចក៏អ៊ីចឹង? គឺមកពីច្រឡំ ឬយល់មិនដល់។
៤- ចុះសួរថា៖ អ្នកកាសែត អាចប្រើប្រាស់សេរីភាព ផ្សាយចំពោះបុគ្គលណាម្នាក់តាមតែចិត្តបានទេ? ចម្លើយដដែល៖ គឺមិនបានទេ។ កាសែត គឺជាមុខរបរ ទេតើ។ បើនៅតែយល់ខុសថា កាសែតធ្វើអ្វីក៏បាន នោះអ៊ីចឹង នគរបាល គ្រូបង្រៀន គ្រូពេទ្យ ក៏ពួកគាត់អាចធ្វើអ្វីតាមតែចិត្តបានដូចគ្នា… មនុស្សដូចគ្នាតើ! តែបែបនេះគឺខុសបាត់។ បើនិយាយមិនស្តាប់គ្នា អ្នកកាសែត ប្រយ័ត្នជួបស្ថានភាពជាមួយគ្រូពេទ្យ៖ អ្នកឯង Live អញ! អញចាប់ឯង ចាក់ថ្នាំវិញ! ជំនាញមានរៀងខ្លួនតើ! ចាំមើល អ្នកណាសន្លប់មុន!? នេះជាឧទាហរណ៍ទេ 😄
៥- អ៊ីចឹងហើយ ដែលគ្រប់គ្នាត្រូវអនុលោមតាមក្រមសីលធម៌វិជ្ជាជីវៈ តួនាទីភារកិច្ច និងត្រូវគោរពសិទ្ធិមនុស្ស និងតម្លៃមនុស្សមុនគេបំផុត។ បើប៉ាតណាប៉ាតណី គឺស្លាប់សុជីវធម៌សង្គមហើយ។ ក៏សូមចងចាំទុកថា ក្នុងសង្គមនីតិរដ្ឋ បើប្រើប្រាស់ សេរីភាពហួសព្រំដែន ឈានទៅរំលោភសិទ្ធិគេដោយប្រការណាមួយ គឺគេអាចមានសិទ្ធិហាមឃាត់ និងប្តឹងបាន ហើយកុំស្រែកថា គេរំលោភសិទ្ធិមនុស្ស ព្រោះអ្នកទេដែលប្រើសេរីភាពជ្រុលទៅរំលោភសិទ្ធិគេមុន។
៦- បងប្អូនសារព័ត៌មាន និងបណ្តាញសង្គម! សូមបន្តប្រើប្រាស់សេរីភាព ចូលរួមចំណែកគោរពសិទ្ធិមនុស្សជាសកលផង និងជាពិសេសគឺលើកកម្ពស់តម្លៃ កិត្តិនាម និងសិទ្ធិពលរដ្ឋខ្មែរយើង ជាចម្បងបំផុត!
Cambodia First 🇰🇭

សរសេរមតិយោបល់