អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ

0

ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អអភិបាលខេត្តសៀមរាប បានថ្លែងកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពដល់កុមារក្នុងភូមិសាស្រ្តខេត្តសៀមរាប ក៏ដូចជាកុមារដែលបានអញ្ជេីញមកពីតាមបណ្តាខេត្តផ្សេងៗទូទាំងប្រទេសកម្ពុជា ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ។

ឯកឧត្តម​ បានថ្លែងថា​ សកម្មភាពនេះ បានឆ្លុះបញ្ចាំងអំពីការរួមចំណែកយ៉ាងសកម្ម ដើម្បីជួយពង្រឹងវិស័យសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការអនុវត្តការងារស្របតាមផែនការសកម្មភាពរបស់ខ្លួន ក្រោមស្មារតីទទួលខុសត្រូវខ្ពស់​ និងគោរពបាននូវវិជ្ជាជីវៈរបស់គិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល។

ឯកឧត្តមអភិបាលខេត្តសៀមរាបមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសបានអនុញ្ញាតតំណាង​មន្ទីរពេទ្យកុមារអង្គរ​ ចូលជួបសម្តែងការគួរសម​ និងរាយការណ៍អំពីវឌ្ឍនភាពការងារ​ និងសមិទ្ធផល​សម្រេចបាននាពេលកន្លងមក​ ព្រមទាំងផែនការយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការអនុវត្តសកម្មភាពនានាក្នុងខេត្តសៀមរាប នៅថ្ងៃអង្គារនេះ៕