ក្រោយនាយករដ្ឋមន្ត្រីបញ្ជា៖ មេប៉ូលិសប៉ុស្តិ៍សំព្រោជ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ

0

ក្រោយមានបញ្ជាពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មេប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលទើបតែងតាំងថ្មី ត្រូវបានក្រសួងសម្រេចបណ្ដេញចេញពី ក្របខ័ណ្ឌនគរបាលជាតិ ក្រោយស្រាវជ្រាវរកឃើញថា ធ្លាប់ប្រព្រឹត្តបទក្រិដ្ឋប្លន់ទូមាស។ ជាមួយគ្នានេះអធិការនគរបាលស្រុកស្ទោង ក៏ត្រូវបានដកឲ្យទៅបម្រើការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំផងដែរ។

លោកម៉ែន លី ស្នងការប៉ូលិសខេត្តកំពង់ធំ បានចេញសេចក្ដីសម្រេចដក មេប៉ុស្ដិ៍ ឃុំសំព្រោជ ជាបណ្ដោះអាសន្ន។

នាយនគរវាលប៉ុស្តិ៍រូបនេះ ធ្លាប់មានប្រវត្តិមិន​ល្អ ជាប់ពាក់ព័ន្ធ ការប្លន់អ្នកលក់​មាស​​ទាំង​កណ្ដាលថ្ងៃ នៅក្នុងផ្សារស្ទោង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥។ ដោយអស់គ្រឿងអលង្កា សរុបជាង១៥០តម្លឹង ម៉ូតូ១គ្រឿង និងលុយកាក់ មួយចំនួនទៀត។ លុះរហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ កម្លាំងនគរបាលខេត្តកំពង់ធំ បានស្រាវជ្រាវ និងបំបែកករណីប្លន់ខាងលើ ដោយចាប់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរប្លន់២នាក់ និងដកហូតបានវត្ថុតាង មានកាំភ្លើង និងម៉ូតូសម្រាប់ជាមធ្យោបាយធ្វើសកម្មភាពប្លន់ចំនួន៣គ្រឿង។ សមត្ថកិច្ចក៏បានដកហូត ម៉ូតូ៣គ្រឿង ក្នុងនោះមានម៉ូតូ របស់ឈ្មោះ អ៊ិន ស៊ីផាន ភេទស្រី ដែលក្រុមចោរលួចយកទៅក្នុងពេលប្លន់ផងដែរ។

ជនសង្ស័យទាំង២នាក់៖ ទី១៖ឈ្មោះ ហុង សារ៉ុម ភេទប្រុស អាយុ៤០ឆ្នាំ អតីតមេប៉ុស្ដិ៍ឃុំសំព្រោជ ដែលត្រូវដកចេញ និងទី២៖ឈ្មោះ មាន រ៉េន ភេទប្រុស អាយុ៤៧ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិជុំទី២ ឃុំត្នោតជុំ ស្រុកបារាយណ៍។

សូមជម្រាបថានៅថ្ងៃម្សិលមិញ សម្តេចហ៊ុន ម៉ាណែត បានបញ្ជាទៅកាន់ ឲ្យនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ពិនិត្យការតែងតាំងមេប៉ុស្តិ៍ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់មានព័ត៌មានថា មេប៉ុស្តិ៍រូបនេះ ធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋប្លន់៕ដោយនាគខៀវ