មានការលើកឡើងថាក្រុមគយបានដាក់ប៉ុស្ដិ៍ តាមផ្លូវជាតិ លេខ៧ នៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងតែត្រូវប៉ាន់យ៉ាងខ្លាំង ពីក្រុមឈ្មួញដឹកទំនិញ ចេញចូលកម្ពុជា វៀតណាម។
ប្រភពបានរាយការណ៍ថាក្រុមនៅទីតាំងខាងលើ បានប្រឹងប្រមូលលុយពីក្រុមអាជីវករ ម្ចាស់រថយន្តដឹកទំនិញ ឆ្លងដែនពីប្រទេសវៀតណាម។
ប្រភពបន្តថាកម្លាំងគយមួយក្រុមដាក់នៅលើផ្លូវជាតិលេខ៧ ខាងឆ្វេងដៃ គេមិនដឹងថាតើគយចំណុចនេះជាអង្គភាពខាងណានោះទេ? គយខេត្ត? ឬមួយក៏គយចល័តចេញពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាំបង្ក្រាបបទល្មើស? គយនៅចំណុចនេះគឺកាប់ថ្លៃខ្ពស់ៗណាស់។
អាជីវករដឹកទំនិញបានប្រាប់ថា ក្នុងទំនិញ១រថយន្តសាំយ៉ុង បង់ឱ្យគយនៅទីតាំងខាងលើ ចំនួន៨០ម៉ឺនរៀល ឬ ១លានរៀល ដែលនាំទំនិញចូលពីវៀតណាម មកកម្ពុជា។ បណ្ដាទំនិញទាំងឡាយដែលឆ្លងពីប្រទេសវៀតណាម មកនោះសុទ្ធតែត្រូវបង់ពន្ធនៅព្រំដែនរួចហើយ។ ហេតុដូចម្ដេចបានជាមានពួកគយនៅមិនឆ្ងាយពីគយព្រំដែន១កន្លែងទៀត ដែលចាំយកលុយស្រួលៗយ៉ាងដូច្នេះ។ ករណីនេះ តើវាជាបទបញ្ជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអគ្គនាយកដ្ឋានគយ និងរដ្ឋាករមែនដែរឬទេ? បើវាជាគយស្របច្បាប់ គួរតែលើកផ្លាកទីស្នាក់ការឲ្យបានច្បាស់លាស់និងសមរម្យផងទៅ។
គួរបញ្ជាក់ថែមទៀតថា គយមួយកន្លែងនេះ គឺឃើញតែរថយន្ត១គ្រឿង ដែលបិទផ្លាកគយ តែមិនឃើញលើកផ្លាកទីស្នាក់ការឱ្យបានត្រឹមនៅទេ។ តែយ៉ាងណាក៏ ដោយគេឃើញតែរថយន្តដឹកទំនិញឆ្លងកាត់ ចូលបង់ ដោយមិនឃើញការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនោះទេ។ រថយន្តដឹកទំនិញមិនថាតិច តួចឬច្រើននោះទេ សុទ្ធតែត្រូវចូលទៅជួបពួកមន្ត្រីគយតែប្រចាំការនៅទីនោះ។
ប្រជាពលរដ្ឋនៅក្បែរខាងទីតាំងនោះនិយាយថា គយនៅទីនេះមិនបានត្រួតពិនិត្យទំនិញ អ្វីឲ្យច្បាស់លាស់នោះទេ គឺយកតែលុយប៉ុណ្ណោះ។ ទំនិញដែលនាំចូលពីប្រទេស វៀតណាម ដូចជាគ្រឿងឧបភោគ បរិភោគបន្លែបង្ការ គ្រឿងសំណង់ ជារួមឲ្យតែទំនិញគ្រប់ប្រទគឺគយដឹងតែពីយកលុយ មិនបានត្រួតពិនិត្យអ្វីឡើយ។ ដូច្នេះវាបង្កហានិភ័យ និងគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់សុខភាព ប្រជាពលរដ្ឋ។
ការលើកឡើងបែបនេះ អង្គភាពសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ពីមន្ត្រីគយនៅចំណុចខាងលើនៅឡើយទេ ដោយពុំមានលេខទំនាក់ទំនង៕ដោយនាគខៀវ

