សាច់បង្កក ខូចគុណភាព ជាង៣០០គីឡូ លួចនាំចូលពីវៀតណាម ត្រូវបានមន្ត្រីដុតកម្ទេចចោល

0

ភ្នំពេញ៖មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប.បានអះអាងថា សាច់បង្កកខូចគុណភាព ដែលឈ្មួញលួចនាំចូល តាមច្រករបៀង ប្រមាណ ៣២៥គីឡូក្រាម ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល។

ការដុតកម្ទេចចោលបែបនេះ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដោយមន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តកំពត សហការជាមួយសាខាគយនិងរដ្ឋាករខេត្តកំពត។

មន្ត្រីបានបន្តថាកាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យទំនិញ សាច់បង្កក មានសរុបចំនួន ៩កញ្ចប់ ស្មើនឹង ៣២៣គីឡូក្រាម។ ទំនិញទាំងនេះត្រូវបានឈ្មួញទុច្ចរិតលួចនាំចូលពីប្រទេសវៀតណាមតាមទូកនៃច្រករបៀងព្រែកចាក ខេត្តកំពត។

មន្ត្រីជំនាញបញ្ជាក់ថា យោងតាមលទ្ធផលនៃការត្រួតពិនិត្យ ទំនិញសាច់បង្កកទាំងនោះគឺខូចគុណភាព និងបានសម្រេចមតិជាឯកច្ឆន្ទជាមួយមន្ត្រីនៃសាខា គយនិងរដ្ឋាករ ដុតកម្ទេចចោលនូវទំនិញទាំងនោះ នៅទីតាំងដីតារាយន្តហោះចាស់ ក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដើម្បីការពារកុំឱ្យមានការចរាចរទំនិញខូចគុណភាពទាំងនោះទៅក្នុងទីផ្សារ។ គួរបញ្ជាក់ផងដែរថា មន្ត្រីជំនាញបាននិងកំពុងបន្តនីតិវិធីចំពោះឈ្មួញទុច្ចរិតនោះផងដែរ ស្របតាមច្បាប់ជាធរមាន៕ដោយនាគខៀវ