ខេត្តសៀមរាប៖ទីតាំងអាជីវកម្មជីកកាយអាចម៍ដីរបស់ ឈ្មោះសម្បត្តិ ដានីញ៉ែល នៅត្រពាំងជើងគ្រួស ក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប នៅតែបន្តយ៉ាងគគ្រឹកគគ្រេងយ៉ាងរលូន មិនទាន់មានក្រុមមន្ត្រីជំនាញណាចុះទៅទប់ស្កាត់នៅឡើយទេ បើទោះបីជា អាជីវកម្មមួយនេះ បានផុតសុពលភាពជាច្រើនខែយ៉ាងណាក៏ដោយ។
ម្ចាស់អាជីកម្មកាយដីរូបនេះឈ្មោះ សម្បត្តិ ដានីញ៉ែល ភេទស្រី អាយុ៤០ឆ្នាំ រស់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ បច្ចុប្បន្ន ស្នាក់នៅភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ កាន់អាជ្ញាបណ្ណសិប្បកម្ម ធនធានរ៉ែ ចេញដោយ រដ្ឋបាលខេត្តសៀមរាប លេខ៤០០/២២.ល អ ញ។ លោកស្រី សម្បត្តិ ដានីញ៉ែល ដំណើរការប្រតិបត្តិការធនធានរ៉ែ ក្នុងដែនអាជ្ញាបណ្ណ ដូចមាននិយាមការកំណត់ ក្នុងផែនទីក្នុងអាជ្ញាបណ្ណនេះ និងស្របតាមសេចក្តីកំណត់លេខ១២៩/២០ រថ.សរ.ធរ.សក ស្តីពីលក្ខខណ្ឌអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ។
អាជ្ញាបណ្ណនេះ មានសុពលភាពចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។ ដែលមាននាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត អភិបាលក្រុងសៀមរាប។ ដោយលោកស្រី សម្បត្តិ ដានីញ៉ែលធ្វើអាជីវកម្ម ជីកយកអាចម៍ដី នៅត្រពាំងជើងគ្រួស ក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។
ប្រភពពីប្រជាពលរដ្ឋនៅក្បែររណ្ដៅដី របស់លោកស្រី សម្បត្តិ ដាញ៉ែល នៅត្រពាំងបុរាណ ជើងគ្រួស បានបង្ហើបឲ្យដឹងថា ទីតាំងកាយដីរបស់ លោកស្រី សម្បត្តិ ដាញ៉ែល មានជម្រៅជ្រៅ អាចលើសកំណត់ច្បាប់អនុញ្ញាត របស់រដ្ឋបាលសាលាខេត្ត ដែលបានអនុញ្ញាតឲ្យ ១ហិកតា ជម្រៅ៥ម៉ែត្រប៉ុណ្ណោះ។
លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប មិនមានប្រសាសន៍អ្វីច្រើននោះទេ លោកបានឲ្យព័ត៌មានសួខេត្ត ព្រោះខេត្តអ្នកចេញអាជ្ញាប័ណ្ណ ទៅឲ្យលោកស្រី ដា នីញ៉ែល ធ្វើអាជីវកម្ម។
ចំណែក លោក ម៉ៃ សំម៉េត ចៅសង្កាត់សៀមរាប បានឲ្យដឹងតាមទូរស័ព្ទថា ដីត្រពាំងជើងគ្រួស ជាង៣០ហិកតា តាមសំណើររបស់ប្រជាពលរដ្ឋ ឲ្យស្តារត្រពាំងនេះ ស្តុបទឹកធ្វើស្រែ និងរក្សាត្រីមេពូជ.អភិវឌ្ឍន៍ អ្វីផ្សេងទៀតលោកអត់ដឹង សួរខេត្តទើបដឹងច្រើន។
លោក ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា បានឲ្យដឹងដែរថា រឿងជីកកាយដី នៅត្រពាំងជើងគ្រួស លោកទទួលស្គាល់ ប៉ុន្តែកិច្ចការងារនេះ លោកបានផ្តល់សិទ្ធ ទៅឲ្យក្រុងរួចហើយដែរ។
បើតាម លោក លី វណ្ណ: នាយករដ្ឋបាលសាលាខេត្តបានឲ្យដឹងថា បើការជីកនោះមានជម្រៅជ្រៅ វាខុសបច្ចេកទេសហើយ ចំពោះបញ្ហាខាងលើ លោកឲ្យទាក់ទងទៅខាងមន្ទីរ៉ែ។
លោក ឡេង លាត ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប បានឲ្យដឹងថា សម្រាប់អាជីវកម្មជីកដីនៅក្នុងក្រុងនិងខេត្ត កំណត់បាន ចំនួន១ហិកតា និងជម្រៅក្រោម៥ម៉ែត្រ លើសពីនោះ ក្រុមអាជីវកម្មទាំងអស់ តម្រូវឲ្យមានច្បាប់អាជ្ញាប័ណ្ណចេញពីក្រសួងរ៉ែនិងថាមពល។ ចំពោះអាជីវកម្ម របស់លោកស្រី ដា នីញ៉ែល នៅត្រពាំងជើងគ្រួស ដែលថាមានជម្រៅនោះ លោកពុំបានដឹងទេ យ៉ាងណាលោកនិងចាត់កម្លាំងទៅមើល។
បើផ្អែកតាមលិខិតអនុញាតនោះ ត្រូវបានផុតណត់ រយ:ពេល៤ខែ មកហើយ ប៉ុន្តែអាជីវកម្ម របស់លោកស្រី សម្បត្តិ ដានីញ៉ែល នៅបន្តយ៉ាងរលូន ដែលគេសង្ស័យថា អាជីវកម្មមួយនេះ មានខ្សែធំនៅពីក្រោយខ្នង ទើបអាជ្ញាធរជំនាញមិនហ៊ានទប់ស្កាត់៕

