ខេត្តកំពត៖ព្រៃលិចទឹកមួយស្ថិតនៅចំណុចកំពង់ត្នោតត្រូវបានរងកាកាប់បំផ្លាញយ៉ាងរង្គាល ដើម្បីពង្រីកយកដី ធ្វើកម្មសិទ្ធិយកទៅលក់ទៅឱ្យអ្នកផ្សេង។
ប្រជាពលរដ្ឋ រស់នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានប្រាប់អ្នកយកព័ត៌មានអោយបានដឹងថា ព្រៃលិចទឹកនៅតំបន់កំពង់ត្នោត ត្រូវបានអ្នកមានអំណាចកាប់បំផ្លាញអស់រាប់សិបហិកតា។ ពាក់ព័ន្ធករណីនេះ អង្គភាពសារព័ត៌មានបានភ្ជាប់ទូរស័ព្ទ ទៅលោកចាន់ រិទ្ធប្រធាន មន្ទីរកសិកម្មរុក្ខា ប្រមាញនិងនេសាទខេត្តកំពត ដើម្បីសុំការបំភ្លឺបញ្ហាកាប់ឆ្កាព្រៃលិចទឹកនៅចំណុចភូមិឃុំខាងលើ ប៉ុន្តែទូរស័ព្ទរបស់លោកខលចូលហើយពុំមានអ្នកទទួល។
ចំណែកលោកសរ រិន្ទ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានប្រាប់អ្នកយកព័ត៌មាថា ចាំមើលលោកសួរ ទៅខាងសហគមន៍សិន។ ដោយឡែកអភិបាលស្រុកទឹកឈូ លោកអ៊ឹម ចន្ទ សោធន បានថ្លែនប្រាប់អ្នកយកព័ត៌មានថា ដីនោះបើតាមការស្ដាប់មើលទៅ ប្រហែលជាគេមានប្លង់ ខ្ញុំឲ្យអភិបាលរងទទួលបន្ទុកចុះទៅពិនិត្យមើលហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានលើកឡើងថា នៅតំបន់ឃុំកូនសត្វនេះ ភាគច្រើនតែងតែមានការឃុបបឃិតគ្នា រំលោភយកដីព្រៃលិចទឹក ហើយជួលកម្មករកាប់ឆ្ការ យកទៅលក់ឱ្យអ្នកផ្សេង ហើយអាជ្ញាធរនិងមន្ត្រីជំនាញហាក់បីមិនដឹងមិនឮអ្វីទាំងអស់។
ប្រជាពលរដ្ឋបានសូមអំពាវនាវ ទៅដល់ប្រមុខរាជរដ្ឋាភិបាលថ្មី និងលោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាជួយពិនិត្យមើលករណីនេះផង បើនៅតែរក្សាភាពស្ងៀមស្ងាត់បែបនេះ ព្រៃលិចទឹករបស់រដ្ឋមួយចំនួន ត្រូវបានធ្លាក់ដល់ដៃជនខិលខូចជាក់ជាពុំខានឡើយ៕ដោយនាគខៀវ

