ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ នៅវាលស្រែ។ ការប្រទះឃើញ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅចំណុចវាលស្រែតំបន់គោកចាស់ ស្ថិតនៅភូមិ ប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យុត យេន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក។
តាមការស្ដាប់បំភ្លឺឈ្មោះ រួន សេម ភេទប្រុស អាយុ ៣៨ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅភូមិជាមួយបានអោយដឹងថា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង ៧និង៣០នាទី ខ្លួនបានដើរត្រឡប់មកពីមើលបង្កៃដាក់ត្រីនៅវាលស្រៃតំបន់ខាងលិចភូមិប្រាសាទ ដើរដល់ត្រង់ចំណុចផ្លូវឡើងគោក (គោកចាស់) ក៏បានឃើញមនុស្សស្លាប់ស្ថានភាពផ្កាប់មុខហើយឃើញស្ពាយអាគុយនិងដុំឆក់ត្រី (ឧបករណ៍កែឆ្នៃ) មានពិលពាក់និងក្បាលរួមជាមួយការ៉ុងដាក់ត្រីនៅក្បែរខ្លួន ប៉ុន្តែពុំបានដឹងថា អ្នកដែលស្លាប់នោះឈ្មោះអ្វីនោះទេ បន្ទាប់មកក៏បានរត់ទៅរាយការណ៍ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចអំពីហេតុការណ៍ដែលបានឃើញ។
បើតាមសមត្ថកិច្ចករណីនេះឧបករណ៍ឆក់ត្រី ឆក់ដោយខ្លួនឯងបណ្ដាលឲ្យស្លាប់តែម្ដង៕

