ភ្នំពេញ៖នាយករដ្ឋមន្ត្រីថ្មីកម្ពុជាលោកបណ្ឌិតហ៊ុន ម៉ាណែត បានកោតសរសើរមន្ត្រី ដែលបានបង្ក្រាបក្រុមរំដោះ អ្នកទោស មេក្លោងគ្រឿងញៀន នៅក្នុងខេត្តសៀមរាប។
ការកោតសសរសើរនេះតាមរយៈទំព័រផេក facebook ផ្លូវការរបស់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជារូបនេះ។
លោកបណ្ដិត ហ៊ុន ម៉ាណែត បានសរសេរថា៖ សូមកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងចម្រុះគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតអាចស្វែងរកឃើញ និងចាប់បានជាបន្តបន្ទាប់នូវក្រុមឧក្រិដ្ឋជនរំដោះអ្នកទោស ដែលជាមេក្លោងគ្រឿងញៀន កាលពីថ្ងៃទី១៧ សីហា ២០២៣ កន្លងទៅ នៅក្នុងខេត្តសៀមរាប។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជាលទ្ធផល ទាំងក្រុមឧក្រិដ្ឋជន និងទាំងពិរុទ្ធជនគ្រឿងញៀន ដែលត្រូវបានរំដោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញ នាថ្ងៃទី២៣ សីហា ២០២៣ នេះ។
នាយករដ្ឋមន្ត្រីថ្មីនេះបន្តថា៖ ជោគជ័យនៃបេសកកម្មដ៏មានសារៈសំខាន់នេះ គឺជាការអនុវត្តភារកិច្ច និងការចូលរួមចំណែកធានាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជា “កិច្ចការអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល សំដៅថែរក្សាសុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្តក្នុងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ”៕ដោយនាគខៀវ

