យោងតាមប្រភពច្បាស់ការណ៍បានបង្ហើបប្រាប់អង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា ក្រុមឧក្រិដ្ឋជនទាំង៦នាក់ ដែលបង្ក្រាបគឺធ្វើឡើងនៅពីរគោលដៅផ្សេងគ្នា។
ប្រភពគួរឱ្យទុកចិត្តបានឲ្យដឹងថា ការបង្ក្រាបបាននៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានចំនួន៤នាក់ នៅខណ្ឌបឹងកេងកង នឹងចំនួន២នាក់ទៀត បង្ក្រាបបាននៅព្រឹកថ្ងៃសុក្រទី១៨ ខែសីហា នេះ នៅសណ្ឋាគារធំមួយកន្លែង នៅក្បែរកោះពេជ្រ។
ជុំវិញការបង្ក្រាបក្រុមឧក្រិដ្ឋជននេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃសុក្រនេះបានបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោស នៅខេត្តសៀមរាប ត្រូវបង្ក្រាបបានចំនួន៦នាក់ហើយ។
សូមជម្រាបថា ក្រុមខ្មាន់កាំភ្លើងមួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។
បើតាមនាយឧត្តមសេនីយ៍នេត សាវឿន ទណ្ឌិត ឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ មិនទាន់ត្រូវបានចាប់ខ្លួនបាននៅឡើយទេ។
សូមជម្រាបថា នៅថ្ងៃថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិន មួយរូប ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធ បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យ បានចូលទៅរំដោះអ្នកទោសចេញទៅបាត់។
ប្រភពព័ត៌មានឲ្យឱ្យដឹងថា ករណីនេះ ក្រោយរំដោះបាន ក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញសម្ភារមួយចំនួន។
បញ្ជាក់ហេតុការណ៍ភ្ញាក់ផ្អើល នេះនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញ ជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕ដោយនាគខៀវ

