ខេត្តសៀមរាប៖មនុស្សចំនួនពីរនាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលស្រុកស្វាយលើ ឃាត់ខ្លួនជូនទៅតុលាការ នៅថ្ងៃអង្គារម្សិលមិញ ករណីឆបោកពលរដ្ឋឲ្យដាក់លុយទិញវត្ថុបុរាណ អថ័នសំរឹទ្ធ។
ជនសង្ស័យ ១.ឈ្មោះ ទេព សុវណ្ណ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ២.ឈ្មោះ ចុត វេក ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
មន្ត្រីនគរបាលខេត្តសៀមរាប បានប្លែកប្រាប់អ្នកសារព័ត៌មានក្នុងស្រុកមួយថា ករណី ឆបោក(ដាក់លុយទិញវត្ថុបូរាណ អថ័នសំរឹទ្ធ) កើតឡើងចន្លោះពីថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចស្រុកស្វាយលើ។
មន្ត្រីនគរបាលដដែលបន្តតថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឈ្មោះ ទេព សុវណ្ណ និងឈ្មោះ ចុត វេក បានចុះមកផ្សព្វផ្សាយ នៅក្នុងទឹកដីស្រុកស្វាយលើ ខេត្តសៀមរាប ថា មានក្រុមហ៊ុន វត្ថុបុរាណ ថ្មសំរិទ្ធ ត្រូវការប្រាក់រៀបអសះនះ ដើម្បីយកអថ័នសំរិទ្ធ មកលក់ ដោយតម្រូវអោយប្រជាពលរដ្ឋ ដាក់ប្រាក់ចំនួន៥ម៉ឺនរៀល និងបានប្រាក់ចំណេញមកវិញចំនួន៥ម៉ឺនដុល្លារ។ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ឈ្មោះ ទេព សុវណ្ណ និងឈ្មោះ ចុត វេក ចាប់ផ្តើមប្រមូលប្រាក់ពីប្រជាពលរដ្ឋ ដោយបានបែងចែកជាក្រុម ដើម្បីប្រមូល ក្នុងឃុំស្វាយលើ មានចំនួន៦នាក់ និងឃុំតាសៀម មានចំនួន៣នាក់។ ក្នុងនោះមានចំនួន២ឃុំ ស្មើនឹង៩ភូមិ ដែលបានចាញ់បោក សរុប១៥៩នាក់។
យោងតាមការស្តាប់ចម្លើយ របស់ជនសង្ស័យ ទាំងពីរនាក់ បានសារភាព ពិតជាបានផ្សព្វផ្សាយ និងប្រមូលប្រាក់ពីប្រជាពលរដ្ឋ ក្នុងម្នាក់ បើដាក់ប្រាក់ចំនួន៥ម៉ឺនរៀល និងបានប្រាក់ចំណេញមកវិញ ចំនួន៥ម៉ឺនពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះ មន្ត្រីនគរបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប ឬពលរដ្ឋរទាំងអស់ សូមកុំចាញ់បោកលើរូបភាព ឆបោក ពីសំណាក់ជនខិលខូច សូមប្រុងប្រយ័ត្នខ្ពស់ ជៀសវាងធ្លាក់ចូលក្នុងឧបាយកល ជនបោកប្រាស់ ដូចក្នុងករណីនេះ៕ដោយនាគខៀវ