ស្នងការនគរបាល ខេត្តកំពង់ធំ បើកវគ្គបំប៉ន សមត្ថភាព មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក

ខេត្តកំពង់ធំ៖លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅព្រឹកមិញបានអញ្ជើញជាអធិបតីភាព
ក្នុងពិធីបើកវគ្គបំប៉នសមត្ថភាព មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដល់មន្ត្រីនគរបាលទទួលការងារចរាចរណ៍ផ្លូវគោក នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ត្រី កែវ ហួរ ស្នងការរង ផែនការងារសណ្ដាប់ធ្នាប់ បានធ្វើរបាយការណ៍ ស្វាគមន៍ ដោយ លើកឡើងថាដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ លោក សុខ លូ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានរៀបចំប្រារព្វពិធីបើកវគ្គ
បំប៉នសមត្ថភាព មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដល់សិក្ខាកាម មកពីអធិការដ្ឋាននគរបាលក្រុង-ស្រុក សរុបចំនួន ២៥ នាក់ស្រី ០២ នាក់  រយៈពេល ០៥ ថ្ងៃ ចាប់ផ្ដើម ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២០ដល់ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០២០ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងថា លោកមានក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុងកម្មវិធីនេះ ដើម្បីពង្រឹងបន្ថែមនូវការងារចរាចរណ៍ផ្លូវគោក និងផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែ មីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ។
លោកឧត្តមសេនីយ៍ ស្នងការ បានថ្លែងអំណរគុណដល់អស់លោក លោកស្រី ជាមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលរយៈពេលកន្លងមក អស់លោក លោកស្រី បានអនុវត្តជំនាញបានល្អប្រសើរជូនសង្គមជាតិ ប៉ុន្តែតំណាក់កាលនីមួយៗ តែងតែមានការអភិវឌ្ឍ ដូច្នេះហើយ ថ្នាក់ដឹកនាំ លោកតែងតែយកចិត្តទុកដាក់ ពិនិត្យមើលលើកិច្ចការងារជំនាញនីមួយៗ ស្របតាមកាលៈទេសៈ នៃការវិវត្តន៍ទៅរបស់សង្គមជាតិ ដែលកំពង់ តែមានភាពរីកចម្រើនជាលំដាប់។
ដូចក្នុងដំណាក់កាលនេះយើងសង្កេតឃើញថាមានការកែសម្រួលថ្មី អនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែ មីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ ផ្លូវគោក នេះស្រាប់តែដែលទាមទារឲ្យយើងយល់ដឹងកាន់តែច្បាស់ សម្រាប់ការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នើឲ្យសិក្ខាកាមខិតខំប្រឹងប្រែង ប្រកប ដោយការយកចិត្តទុកដាក់ ត្រងត្រាប់ ស្ដាប់ ក្រេបជញ្ជក់ កត់ត្រាចំណេះដឹងចំនុចសំខាន់ៗក្នុងមេរៀន ដែលបានបង្ហាត់បង្ហាញដោយគ្រូបង្គោល លើកឡើង ដល់ប្អូនៗ ដើម្បីផ្តល់ជាចំណេះដឹងចំណេះធ្វើ រួមទាំងបទពិសោធន៍ ចែករំលែកដល់បងប្អូនសម្រាប់អនុវត្តភារកិច្ចជាប្រចាំថ្ងៃ ក្នុងអាជីពជាមន្ត្រីនគរបាលជាតិ ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវថែទាំសុខភាពជាការប្រពៃ ដើម្បីជៀសផុតពីជំងឺកាចសាហាវ ជាពិសេសការចូលរួម បង្ការ ការឆ្លងរាលដាលវីរ៉ុស COVID-19  និងប្រកាសបើកវគ្គបំប៉នសមត្ថភាព មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ចាប់ពីខណៈនេះតទៅ៕SRP

សរសេរមតិយោបល់