អាជ្ញាធរស្រុកជីក្រែង ព្រមានចាត់វិធានការ ឈ្មោះសុខសាន្ត បញ្ញា ដែលបានចាក់ដីលុបស្រះបុរាណ«ស្រះតាធុន»

ខេត្តសៀមរាប៖អាជ្ញាធរស្រុកជីក្រែងបានព្រមានចាត់វិធានការចំពោះលោក សុខសាន្ត បញ្ញា ដែលបានចាក់ដីលុបស្រះបុរាណមួយកន្លែងគឺ«ស្រះតាធុន»។

នេះបើតាមលោក ប៊ូ ម៉េង ទ្រី អភិបាលស្រុកជីក្រែង បានប្រាប់អង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ នៅរសៀលថ្ងៃអង្គារនេះ។ សំឡេងអភិបាលស្រុកជីក្រែង៖

អភិបាលស្រុកជីក្រែងបញ្ជាក់ថាករណីលោក សុខសាន្ត បញ្ញា ដែលបានចាក់ដីលុបស្រះបុរាណ«ស្រះតាធុន»ទី១ខាងរដ្ឋបាលស្រុកបានកោះហៅគាត់មកបំភ្លឺហើយ។ ទី២រដ្ឋបាលស្រុកនឹងឲ្យ​ លោកសុខសាន្ត បញ្ញា នេះកាយអាចន៍ដីដែលបានចាក់លុប«ស្រះតាធុន» នោះចេញវិញឲ្យដូចសភាពដើម។ ក្នុងករណីមិនអនុវត្តតាមរដ្ឋបាលស្រុកនិងចាត់វិធានការតាមនីតិវិធី។

បញ្ជាក់ទីតាំងចាក់អាចន៍ដីលុបស្រះបុរាណ«ស្រះតាធុន» ស្ថិតនៅភូមិក្របីរៀល ឃុំ គោកធ្លកក្រោម។

បើតាមកំណត់ហេតុរបស់រដ្ឋបាលស្រុកជីក្រែង​​ សៀមរាប ប៉ុស្ដិ៍ ទទួលបាននៅថ្ងៃអង្គារនេះ បញ្ជាក់ថាក្រុមការងារចុះពិនិត្យទីតាំងចាក់ដីលើកស្រះបុរាណ (ស្រះ តាធុន) របស់ឈ្មោះ សុខសាន្ត បញ្ញា ស្ថិតនៅក្នុងភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

សមាសភាពចូលរួមមាន:

១.នាយករងរដ្ឋបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុក

២.អនុប្រធាន.ការិ សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍

៣.ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម

៤.ការិយាល័យបរិស្ថាន និងធនធានធម្មជាតិ

៥.ការិយាល័យភូមិបាលស្រុក

៦.អាជ្ញាធរភូមិ ឃុំគោកធ្លកក្រោម

៧.មន្រី្តប៉ុស្តិ៍គោកធ្លកក្រោម

៨.ចាស់ទុំ ព្រឹទ្ធាចារ្យក្នុងភូមិ

៩.ម្ចាស់ដីអវត្តមាន

កំណត់ហេតបន្តថាក្រោយពីចុះពិនិត្យជាក់ស្តែងនៅទីតាំង ក្រុមការងារបានសម្រេចដូចខាងក្រោម៖-តម្រូវអោយម្ចាស់ដីកាយដីចេញពីស្រះបុរាណ(ស្រះ តាធុន) អោយដូចស្ថានភាពដើម។-ករណីបើម្ចាស់ដីមិនកាយអាចន៍ដីចេញ ត្រូវទុកដីចាក់នេះប្រើប្រាស់ជាសម្បត្តិរួមក្នុងភូមិ។

អង្គភាព សៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោកសុខសាន្ត បញ្ញា បាននៅឡើយទេចំពោះករណីខាងលើនេះ។

សូមជម្រាបថា លោ សុខសាន្ត បញ្ញា ជាម្ចាស់ក្រុមហ៊ុនបញ្ចាំមួយកន្លែងនៅ ស្រុកជីក្រែង យីហ( ក្រុមហ៊ុន​សុខសាន្ត បញ្ញា ឌីវេឡុបម៉ិន)៕ដោយនាគខៀវ