ខេត្តបាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបងបានចេញសេចក្ដីប្រកាសព័ត៌មាន ធ្វើការបដិសេធចោលទាំងស្រុងចំពោះការបង្ហោះព័ត៌មានថា មានការចាក់ដីរំលោភចូលស្ទឹងសង្កែ និងសាងសង់សំណង់រឹង។
សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី២០ ខែវិច្ឆិនា ឆ្នាំ២០២៣ បន្ទាប់ពីមានករណីហ្វេសប៊ុកចំនួនពីរ បានចុះផ្សាយព័ត៌មានចោទប្រកាន់ទៅលើអាជ្ញាធរមន្ត្រីមូលដ្ឋានថាបានបណ្ដែតបណ្ដោយឲ្យមានការចាក់ដីលុបស្ទឹងសង្កែ។
ខាងក្រោមនេះគឺសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖
រដ្ឋបាលខេត្តបាត់ដំបងមានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបថា៖ ថ្មីៗនេះមានការចុះផ្សាយព័ត៌មាន តាមបណ្តាញសង្គមជាគណនីហ្វេសប៊ុកផេក ឈ្មោះ មាតាធម្មជាតិកម្ពុជា Mother Nature Cambodia (ស្ទឹងសង្កែដែលជាស្ទឹងប្រវត្តិសាស្ត្រមួយ របស់ប្រទេសកម្ពុជាកំពុងត្រូវបានរំលោភបំពានដោយអ្នក មានលុយ មានអំណាចចាក់ដីរំលោភចូលស្ទឹងសង្កែ និងការសាងសង់សំណង់រឹងនៅលើដីនោះ ហើយមន្ត្រីមូលដ្ឋាន ហាក់មិនអើពើនឹងការរំលោភបំពានទាល់តែសោះ) ដែលបានចុះផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ និងគណនី ហ្វេសប៊ុកឈ្មោះ លោក មេភូមិ (ដីមាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង ដែលចាក់ដីលុបចូលស្ទឹងសង្កែជិតដល់កណ្ដាលស្ទឹង ដើម្បីធ្វើជាកម្មសិទ្ធិឯកជនគឺជារបស់កូនលោកប្រាជ្ញ ចន្ទ ដែលជាប្រធានគ.ជ.ប សព្វថ្ងៃ។
សេចក្ដីប្រកាសរបស់ខេត្តបាត់ដំបងបន្តថា ករណីចោទប្រកាន់របស់គណនីហ្វេសប៊ុកផេកឈ្មោះ មាតាធម្មជាតិកម្ពុជា Mother Nature Cambodia និងគណនីហ្វេសប៊ុក ឈ្មោះ លោកមេភូមិ នេះគឺជាព័ត៌មានបែបញុះញង់ បំភាន់ បំភ្លៃការពិតក្នុងគោលបំណង មានចេតនាទុច្ចរិត វាយប្រហារ មកលើអាជ្ញាធរក្នុងផ្លូវនយោបាយ ដែលព្រះរាជាណាចក្រកម្ពុជា កាន់តែកៀកឈានឆ្ពោះទៅរក ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ខាងមុខ។
ហេតុនេះរដ្ឋបាលខេត្តបាត់ដំបងសូមធ្វើការបំភ្លឺដូចតទៅ៖
ក្រុមការងាររដ្ឋបាលខេត្ត រដ្ឋបាលស្រុកសង្កែ និងមន្ទីរ អង្គភាពជំនាញបានចុះទៅត្រួតពិនិត្យ ដោយផ្ទាល់ជាក់ស្ដែងនៅនឹងទីតាំងការដ្ឋានដោយពិនិត្យឃើញថាម្ចាស់ដី ឈ្មោះ ចៅ ម៉ាដូនេត្រ នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានសាងសង់អគារនៅលើដីរបស់ខ្លួន ស្របតាមប្លង់កម្មសិទ្ធិ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) មិនប៉ះពាល់ដីចំណីស្ទឹងសង្កែទេ និងបានចាក់បេតុងសាងសង់ច្រាំងស្ទឹង ទៅតាមលំនាំច្រាំងចាស់ មិនមានការរំលោភយកស្ទឹងដូច ការចោទប្រកាន់នោះទេ។
ចំពោះបច្ចេកទេសនៃការសាងសង់គឺលើកដីទប់សិនបន្ទាប់ពីសាងសង់រួចរាល់ បានកាយដីចេញវិញអស់ហើយ មិនមានការរាំងស្ទះមុខទឹក ហើយថែមទាំងបានចាក់បេតុងសាងសង់ច្រាំងស្ទឹង នៅខាងមុខសាលាឃុំអូរដំបង១ ប្រវែង១០០០ ម៉ែត្រ ដើម្បីការពារការបាក់ដី ដែលកន្លងមក នៅចំណុចទីតាំងនេះ គឺចំមុខទឹកបុកខ្លាំងនៅរដូវវស្សាធ្វើឱ្យបាក់ច្រាំងស្ទឹងជាបន្តបន្ទាប់ ស្ទើរតែធ្វើចរាចរណ៍ទៅមកលែងបាននៅលើដងផ្លូវមុខសាលាឃុំអូរដំបង១។
បច្ចុប្បន្នបានធ្វើការសាងសង់ផ្លូវបេតុងប្រវែង២០០០ម៉ែត្ររួចរាល់ ធ្វើចរាចរណ៍ទៅមកងាយស្រួល បងប្អូនប្រជាពលរដ្ឋសាទរ។ ដូច្នេះសកម្មភាពចាក់ដីធ្វើច្រាំងស្ទឹង មិនមានផលប៉ះពាល់ដល់លំហូរ ទឹកស្ទឹងសង្កែទេ ប៉ុន្តែថែមទាំងបានការពារយ៉ាងរឹងមាំការបាក់ច្រាំងស្ទឹងសង្កែទៀតផង។
ចំពោះការចោទប្រកាន់ថា បុគ្គលនេះឬបុគ្គលនោះ ជាម្ចាស់កម្មសិទ្ធិ លើដី ដូចការចុះផ្សាយលើបណ្ដាញសង្គម របស់គណនីហ្វេសប៊ុកផេកឈ្មោះ មាតាធម្មជាតិកម្ពុជា Mother Nature Cambodia និងគណនី ហ្វេសប៊ុកឈ្មោះ លោក មេភូមិ រដ្ឋបាលខេត្តបាត់ដំបង សូមច្រានចោលទាំងស្រុង នៅព័ត៌មាន មិនពិតទាំងអស់នេះ៕ដោយនាគខៀវ