ជនជាតិចិនពីរនាក់ប្ដីប្រពន្ធ ម្ចាស់គ្លីនិកព្យាបាលជំងឺ ប៉ ខាង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវចាប់ខ្លួន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីយកសពអ្នកជំងឺជនជាតិកូរ៉េ ម្នាក់ ដែលស្លាប់ក្នុងគ្លីនិករបស់ខ្លួន រុំកន្ទេល បោះចោល។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងថាករណី ប្រទះឃើញសាកសព មនុស្សស្រី រុំកន្ទេល ផ្លុងចោល នៅចំណុចរណ្តៅដីជីកដាក់លូ នៅក្នុងបូរីកាងម៉េង ស្ថិតភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។
ជនសង្ស័យ ២នាក់ ដែលជាម្ចាស់គ្លីនិកពិគ្រោះជំងឺ ប៉ ខាង ដូចខាងក្រោម៖ទី១៖ ឈ្មោះ LAI WENSHAO ភេទប្រុស អាយុ៣០ឆ្នាំ ជាប្តី។ទី២៖ ឈ្មោះ CAI HUIJUAN ភេទ ស្រី អាយុ៣៩ឆ្នាំ ជាប្រពន្ធ។ សាកសពជនរងគ្រោះមានឈ្មោះ BYIN A YEON ភេទស្រី ជនជាតិកូរ៉េ។
ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធបានសារភាពថា កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧៖៥៤នាទី ជនរងគ្រោះឈ្មោះ BYIN A YEONG ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិកូរ៉េ បានចូលមកសម្រាកព្យាបាលនៅគ្លីនិករបស់ខ្លួនដោយចាក់សារ៉ូម ប្រភេទ SHENG LI YAN SHUI អស់ចំនួន០២ប្លោក ស្រាប់តែធ្វើជនរងគ្រោះប្រកាច់ស្លាប់នៅក្នុងគ្លីនិករបស់ពួកខ្លួនតែម្ដង។
ឃើញដូច្នេះជនសង្ស័យដែលជាម្ចាស់គ្លីនិក ក៏បានរៀបចំយកសាកសពជនរងគ្រោះរុំកន្ទេល ពណ៌ក្រហម នឹងចងខ្សែ ដឹកសពជនរងគ្រោះ តាមមធ្យោបាយរថយន្តម៉ាក Prius ពណ៌ខៀវ ផលិតឆ្នាំ2007 ពាក់ស្លាកលេ ភ្នំពេញ2BR-9717 ចេញពីគ្លីនិករបស់ខ្លួន ដែលមានអាស័យដ្ឋាននៅ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឆ្ពោះទៅព្រែកហូរ ផ្លូវជាតិលេខ២ ចុះតាមខ្លោងទ្វារ បុរី កាំងម៉េង ទៅទម្លាក់ចោលតែម្ដង៕ដោយនាគខៀវ