សាហាវព្រៃផ្សៃ សម្លាប់ញាត់ក្នុងវ៉ាលីយកទៅបោះចោល

សាហាវព្រៃផ្សៃ សម្លាប់ញាត់ក្នុងវ៉ាលីយកទៅបោះចោល

យ៉ាងហោចណាស់ជនជាតិចិនចំនួន ៤ នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណី សម្លាប់ជនជាតិចិន ញាត់ក្នុងវ៉ាលីយកទៅបោះចោល នៅស្រុកពញាឮ ខេត្តកណ្ដាល។

នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានឲ្យដឹងថា នៅ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង ០៩ នឹង ០០ នាទី ប្រទះឃើញសាកសព នៅចំណុច មាត់ច្រាំងទន្លេសាប ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

នគរបាលបានបន្តថា បន្ទាប់ពីមានករណីឃាតកម្មនេះ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េឈាង និងលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ ដឹកនាំកម្លាំងជំនាញនាយកដ្ឋាន​ សហការជាមួយ នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ, ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយសម្របសម្រួលនីតិវិធី របស់លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជនសង្ស័យចំនួន០៤នាក់​។

ទី១៖ ឈ្មោះ DAI MINGXING ហៅ QI SHI ភេទប្រុស  អាយុ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
*ទី២៖ ឈ្មោះ HONG QI ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
*ទី៣៖ ឈ្មោះ ZHANG XI YUAN ហៅ XIAO BAI ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
*ទី៤៖ ឈ្មោះ LI CHEN ហៅ BING អាយុ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារព្រីន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ YI MING DALI ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូត
វត្ថុតាងចាប់យករួមមាន៖ វ៉ាលី ពណ៌ខ្មៅ មានកង់រុញចំនួន៤ ម៉ាកAF American Flyer ចំនួន០១, វ៉ាលី ពណ៌ខ្មៅ មានកង់រុញចំនួន៤ ចំនួន០១ មានសម្លៀកបំពាក់ប្រឡាក់ឈាម, ស្កុតរុំមុខសព បិទជិត (ខាងក្នុងស្កុតមានម៉ាស ពណ៌ផ្ទៃមាឃ បិទលើភ្នែកទាំងសងខាង ជាន់ទី២ នឹងមានថង់ផ្លាស្ទិចពណ៌ស បត់៤ជ្រុង មានអក្សរ Facebook SuSu Shop/SuSu Nguyen trai និងក្នុងមាត់ មានញាត់ក្រណាត់ជំរៀកខោទ្រនាប់ ពណ៌ប្រផេះ ម៉ាក Nanjiren។

ផ្អែកតាមការស៊ើបអង្កេតស្រាវជ្រាវ ត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ឈានទៅកំណត់អត្ដសញ្ញាណជនសង្ស័យក្នុងអំពើនេះ ជនរងគ្រោះធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែង ក្នុងអគារជាន់ទី៣ បន្ទប់៣C (៣៣២-៣៣៣) ស្ថិតនៅភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានក្រុមជនសង្ស័យធ្វើទារុណកម្ម នៅបន្ទប់លេខ១០៤ ជាន់ទី១ និងបន្ទប់លេខ៣០២ ជាន់ទី៣ ហើយបានដឹកជនរងគ្រោះចេញទៅ។

នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានត្រួតពិនិត្យ និងកោសលវិច័យ នៅបន្ទប់លេខ១០៤ ជាន់ទី១ មានស្លាកស្នាមប្រឡាក់ ចំនួន០២កន្លែងក្រោមជើងវាំងនន  និងបន្ទប់លេខ៣០២ ជាន់ទី៣ មានស្លាកស្នាមប្រឡាក់ជាប់នឹងជើងគ្រែ រួចមន្រ្តីជំនាញបានធ្វើតេស្ត(BULESTAR) លើសំណាកឃើញថា ពិតជាឈាមមនុស្ស(វិជ្ជមាន)។

សូមជម្រាបថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាល និងចង្អុលដឹកនាំបញ្ជាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕ដោយនាគខៀវ