សម្ដេច ហ៊ុន សែន លើកទឹកចិត្តឲ្យក្រុមហ៊ុនធ្វើការសិក្សា ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប , សៀមរាប- ប៉ោយប៉ែត ឱ្យបានលឿន


សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យក្រុមហ៊ុនជំរុញការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញបាវិត និងធ្វើការសិក្សាផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប , សៀមរាប- ប៉ោយប៉ែត ឱ្យបានលឿន ដើម្បីបម្រើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា។

ការលើកទឹកចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស អនុញ្ញាតឲ្យប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ម្សិលមិញ។

លោក ទូ ហ្វី(DU Fei)ប្រធានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន បានគោរពថ្លែងអំណរគុណសម្ដេចតេជោ នាយករដ្ឋមន្ត្រីដែលបានផ្ដល់កិត្តិយស ជាគណៈអធិបតី បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ ទៅក្រុងបាវិត និងអនុញ្ញាតឱ្យក្រុមហ៊ុនចុះហត្ថលេខា ក្របខ័ណ្ឌផ្លូវល្បឿនលឿន ភ្នំពេញទៅសៀមរាប , និងសៀមរាបទៅប៉ោយប៉ែត។

ឆ្លៀតក្នុងឱកាសនោះ លោក ទូហ្វី បានគោរពប្ដេជ្ញាចិត្ត ថាក្រុមហ៊ុននឹងជំរុញការ សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញបាវិតឲ្យបាន លឿន តាមដែលអាចធ្វើទៅបាន និងបញ្ជូនក្រុមអ្នកបច្ចេកទេស មកធ្វើការសិក្សា ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងសៀមរាប-ប៉ោយប៉ែត នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែង ការរីករាយជា មួយនឹងវត្តមានរបស់ ក្រុមហ៊ុន នៅព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេលជាង ២០ឆ្នាំមកហើយ ហើយបានចូលរួមចំណែកក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងច្រើនជាពិសេសថ្មីៗនេះ ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញក្រុងព្រះសីហនុ បានយ៉ាងជោគជ័យ៕ដោយនាគខៀវ