លោក យឹម ឆៃលី​៖ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានជោគជ័យធំៗជាច្រើន

លោក យឹម ឆៃលី​ បាន​ថ្ថ្លែងថា​ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានជោគជ័យធំៗជាច្រើនទៀតមានដូចជា ជោគជ័យនៃការរៀបចំការបោះឆ្នោត ជាច្រើនអាណត្តិ តាមលទ្ឋិប្រជាធិបតេយ្យ សេរី ពហុបក្ស ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ហើយគណបក្សប្រជាជនកម្ពុជា តែងទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់។

លោកបន្តថារាជរដ្ឋាភិបាល ទទួលបានជោគជ័យ និងទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសហគមជាតិ និងអន្តរជាតិ​ ចំពោះយុទ្ឋនាការស្រោចវ៉ាក់សំាងកូវីដ១៩ នៅទូទាំងប្រទេស ប្រកបដោយប្រសិទ្ឋិភាព ការពារបាននូវអាយុជីវិតប្រជាជនពីជម្ងឺដ៏កាចសាហាវនេះ និងបានបើកប្រទេសឡើងវិញ ដំណើរការសេដ្ឋកិច្ច សង្គមជាប្រក្រតី។ លើសពីនោះ ជោគជ័យដែលមតិជាតិ និងអន្តរជាតិ កោតសរសើរយ៉ាងខ្លាំងក្លានោះ គឺជោគជ័យ នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងការៀបចំព្រឹត្តិការណ៏ ស៊ីហ្គេម និងប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រ ក្រោមទិសស្លោក “កីឡារស់ក្នុងសន្តិភាព” ធ្វើឲ្យអន្តរជាតិស្ងើចសរសើរ ពីសមត្ថភាព និងភាពឈ្លាសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបាន​សង្កត់​ធ្ងន់ថា​​ ថ្មីនេះរាជរដ្ឋាភិបាល បានសម្រេចស្តារព្រែកជីក ពីទន្លេបាសាក់ ទៅសមុទ្រ ដែលមានឈ្មោះថា “ព្រែកជីកហ្វូណន តេជោ” ដែលនឹងផ្តល់អត្ថប្រយោជន៏ដ៏ច្រើន ដល់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងការដឹកជញ្ជូនតាមផ្លូវទឹក។ សមិទ្ឋផលទាំងអស់នេះ សុទ្ឋតែកើតឡើងក្រោមមគ្គុទេសគ៍ដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយភាពភ្លឺស្វាង និងប៉ិនប្រសព្វ មានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ដូចនេះ យើងទាំងអស់គ្នាត្រូវតែបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គ្រប់អាណត្តិ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន​ផងដែរ​។

លោកយឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម​ ក៏បានថ្លែងថា​ ក្រោមនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ​ ហ៊ុន​ សែន​ បានធ្វើឲ្យមានការឯកភាពជាតិ ឯកភាពទឹកដី រក្សាបាននូវស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សណ្តាប់ធ្នាប់សង្គម បង្កើតបាននូវ លទ្ឋិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយប្រជាជនកម្ពុជា គ្រប់រូបមានសិទ្ឋិសេរីភាពពេញលេញ រស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត ក្រោមម្លប់សន្តិភាព ដ៏ពេញបរិបូរណ៏។

លោកថ្លែង​បែប​នេះ​ ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានសាខាបក្សភូមិ និងប្រធានក្រុមបក្ស​ សរុប​ ៧៣៩៦នាក់​ មក​ពី​ឃុំ​ចំនួន​៧​ ក្នុង​ស្រុក​កំពង់សៀម​ នៅថ្ងៃចន្ទនេះ៕ដោយនាគខៀវ