សម្ដេចតេជោ៖ កេរ្តិ៍ឈ្មោះនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជានឹងបន្សល់ទុករាប់រយឆ្នាំដល់កូនចៅជំនាន់ក្រោយ

ក្នងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិត សាកលវិទ្យាល័យ​​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃចន្ទនេះ សម្តេចតេជោ ហ៊ុន សែន បានស្ងើចសរសើរ ដល់ការបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះថា មានទស្សនីយភាពមិនចាញ់ពិធីបើកស៊ីហ្គេមកន្លងទៅនោះទេ។​

សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា កេរ្តិ៍ឈ្មោះនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជានឹងបន្សល់ទុករាប់រយឆ្នាំដល់កូនចៅជំនាន់ក្រោយ ហើយព្រឹត្តិការណ៍ទាំងនេះ នឹងត្រូវឆ្លាក់ទុកនៅក្នុងវិមាន ឈ្នះ ឈ្នះផងដែរ។​

សម្តេចតេជោក៏បានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ទោះបីប្រកួតឈ្នះ ឬចាញ់ ក៏នៅតែជាកីឡា យើងមិនត្រូវបាក់ទឹកចិត្តនោះទេ ប៉ុន្ដែអ្វីដែលសំខាន់ក្នុងនាមជាម្ចាស់ផ្ទះតំណាងអោយប្រជាជន១៧លាននាក់ គឺត្រូវធ្វើឱ្យបានល្អសមជាម្ចាស់ផ្ទះ ពីព្រោះអ្វីដែលសំខាន់នៃការរៀបចំព្រឹត្តិការណ៍កីឡានេះ គឺបង្កើតទំនាក់ទំនងមិត្តភាពជាមួយគ្នា។

សម្តេចតេជោក៏បានអរគុណដល់ថ្នាក់ដឹកនាំតាមបណ្ដាប្រទេសអាស៊ាន ដែលបានបញ្ជូនកីឡាករ កីឡាការិនី មកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។

សម្តេចតេជោសង្ឃឹមថា នៅក្នុងក្របខណ្ឌអាស៊ាននាពេលអនាគត ប្រទេសអាស៊ាននឹងអាចសហការគ្នាក្នុងការដេញថ្លៃយកការប្រកួតកីព្រឹត្តិការណ៍កីឡាអូឡាំពិក និងពិភពលោក។

សម្ដេចតេជោ ក៏ធ្លាប់បានលើកឡើងជាគំនិតជាមួយមេដឹកនាំអាស៊ាន ក្នុងការរៀបចំឱ្យមានក្រុមបាល់ទាត់អាស៊ាន​ ដែលមានកីឡាកររួមគ្នាមកពីបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ាន ដើម្បីចូលរួមក្នុងការប្រកួតកម្រិតពិភពលោកផងដែរ៕ដោយនាគខៀវ