មន្ត្រីអះអាងថា ករណីភ្លើងឆេះព្រៃលិចទឹក នៅតំបន់ទេសចរណ៍ធម្មជាតិ បឹងពារាំង ដោយសារអ្នកដើររកឃ្មុំ

ខេត្តសៀមរាប៖ថ្លែងប្រាប់អ្នកកាសែតនៅរសៀលថ្ងៃនេះ លោក គង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានឲ្យដឹងថា ករណីភ្លើងឆេះព្រៃនេះក្រុមការងារបានតាមដានស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ដឹងថា បណ្តាលមកពីពលរដ្ឋលួចចូលមករកឃ្មុំនៅតំបន់ចំការចាស់ដែលជាដីពលរដ្ឋធ្លាប់ធ្វើចំការកាលពីអំឡុងពីឆ្នាំ១៩៨០ដល់១៩៩០មកម្លេះ។ជាប្រភេទព្រៃស្បាត បន្លាយួន ល្អិតក្រាស់ ទីតាំងឆេះ ចូលជ្រៅ បង្កភាពលំបាកក្នុងការចូល។ទីតាំងឆេះស្ថិតក្នុងភូមិ តាចេក និងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ជាគោលរបបក្នុងសម័យចូលស្រុក សម្រាប់ធ្វើចំការសណ្តែកនិងឳឡឹក ស្ថិតក្នុងតំបន់ទ្រនាប់ខាងត្បូងបឹងពារាំង លាតសន្ឋឹងដល់មាត់បឹងទន្លេសាប ចំងាយ ប្រហែល ១៨០០មែត្រ ខាងលិចព្រំប្រទល់ឃុំកណ្តែកប្រហែល១,៥ គីឡូមែត្រ។
ជុំវិញតំបន់បឹងពារាំងមិនទាន់មានផ្លូវគោកជុំវិញនៅឡើយតំបន់ព្រៃទ្រណាប់ខាងក្រៅជុំវិញក៏មិនទាន់មានការជីកខាន់ ជាហេតុបង្កការឆេះព្រៃបានគ្រប់ពេលតាមរយ:ការដុតកព្ចាំ្រង។
លោកបន្ថែមថា បងប្អូន សមាជិកសហគមន៍ទាំងអស់មានឆន្ទៈនិងការទទួលខុសត្រូវ គោរពតាមគោលការណ៍ នៃការណែនាំរបស់ថ្នាក់ដឹកនាំជាប់ជាប្រចាំ។ចង់បានចង់ឃើញធនធានធម្មជាតិមានការកើនឡើងវិញតាមរយៈនៃការការពារនិងការថែទាំដោយភាពជាម្ចាស់ការ។ចង់បានតំបន់អភិរក្សបឹងពារាំងក្លាយជាតំបន់ទាក់ទាញទេសចរណ៍។ករណីឆេះនេះបើមើលតាមត្រូន គឺបានបង្ហាញថា ឆេះអស់ប្រមាណ១០ហិកតស។
លោកបញ្ជាក់ថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះកំពុងប្រឹងប្រែងជួយបាញ់ទឹកនិងកាយផ្លូវភ្លើង។
ដោយឡែកលោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងថា ករណីឆេះព្រៃនៅតំបន់បឹងពារាំងនេះលោក បានផ្សព្វផ្សាយឲ្យអាជ្ញាធរសង្កាត់ មេភូមិ គ្រប់ភូមិ ប្រជាការពារ និងពលរដ្ឋ មកជួយពន្លត់ភ្លើងនេះអស់រយៈពេល៥ថ្ងៃមកហើយ។តែកម្លាំងសមត្ថកិច្ចនៅតែបន្តជួយពន្លត់រហូតទទួលបានជោគជ័យ។ចំណែក លោកហាយ យ៉ុងប្រធានការិយាល័យ សាធារណការនៃក្រុងសៀមរាប ដែលទទួលផែនការណ៍ពីលោកអភិបាលក្រុងសៀមរាប ដើម្បីដឹកនាំអាជ្ញាធរពាក់ព័ន្ធ រួមមាន មន្ត្រីមន្ទីរបរិស្ថាន,មន្ត្រីន្ទីរសាធារណការ ,ផ្នែកជលផលចុងឃ្នៀស, លោកចៅសង្កាត់ជ្រាវ, ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ-អនុភូមិទាំង០៧ កម្លាំងប្រជាការពារ និងកម្លាំងសហគមន៍បឹងពារាំងសង្កាត់ជ្រាវ ។លោកថា ក្រុមការងារបានចុះអន្តរាគមន៍ជួយ ត្រួសត្រាយព្រៃ ដើម្បីធ្វើផ្លូវ ចូលពន្លត់ភ្លើងឆេះព្រៃ ដែលបានអូសបន្លាយរយ:ពេល០៥ថ្ងៃមកហើយ(គិតត្រឹមថ្ងៃនេះ)បានប្រមាណ៨០ហើយ។
លោកបញ្ជាក់ថា ករណីនេះសូមពលរដ្ឋបណ្តាញសង្គម និងអ្នកសារព័ត៌មានមេត្តា ជួយផ្សព្វផ្សាយអ្វីដែលជាការពិត កុំបំប៉ោង។
ជុំវិញករណីនេះដែរលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងតាមទូរស័ព្ទ ថា ករណីឆេះនេះលោក បានដាក់ផែនការទៅតាមបទបញ្ជាររបស់អភិបាលខេត្ត ឲ្យកម្លាំងសមត្ថកិច្ចចម្រុះត្រូវតែជួយពន្លត់ភ្លើងនៅតំបន់បឹងពារាំង ដែលជាតំបន់ទេសចរណ៍មួយដ៏ល្អនេះឲ្យបានរលត់ជាស្ថាពរឲ្យខានតែបាន។

លោក នួន ពុទ្ធារ៉ា បញ្ជាក់ថា ការឆេះព្រៃនេះ លោកនឹងចាត់វិធានការមិនឲ្យពលរដ្ឋចូលមកតំបន់ហាមឃាត់ខាងលើនេះដោយគ្មានការអនុញ្ញាតនោះទេ។លោកអភិបាលបញ្ជាក់ថា ទីតាំងខាងលើនេះ ជាតំបន់ទេសចរណ៍មួយដ៏ទាក់ទាញ មានទាំងព្រៃលិចទឹក ត្រីនិងសត្វស្លាប ជាច្រើនប្រភេទ ។ ដូច្នេះអាជ្ញាធរ នឹងមានវិធានការការពារឲ្យបានតឹងតែងបន្ថែមទៀត។
សូមជំរាបថាករណីភ្លើងឆេះព្រៃលិចទឹកនៅតំបន់ទេសចរណ៍ធម្មជាតិ បឹងពារាំងចាប់ផ្តើមកាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២០មកដល់ថ្ងៃទី៣០នេះនៅមិនទាន់រលត់នៅឡើយ៕SRP