ខេត្តសៀមរាប៖ក្មេងទំនើងចំនួន២ក្រុមត្រូវបានចាប់ខ្លួន ក្រោយពីមានទំនាស់ ក្នុងវង់ផឹកស៊ីនៅក្នុង ក្លឹប ថេមផល ក្លាសស៊ីក។
ការចាប់ខ្លួន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីរំលងអធ្រាត។
សមត្ថកិច្ចបានថ្លែងប្រាប់ សៀមរាប ប៉ុស្ដិ៍ ថា ក្រោយទទួលព័ត៌មាន ពីក្រុមសន្តិសុខ ថេមផល ក្លាសស៊ីក រាយការណ៍ថា មានករណី បង្កជម្លោះក្នុងក្លឹប រវាងភាគី ០២ក្រុម និងរហូតឈានដល់ការប្រើហិង្សា ( កាប់ដោយកាំបិតខ្វែវ ) បណ្ដាលឱ្យសន្តិសុខម្នាក់ ( ជនរងគ្រោះ ) ដាច់រយះក្បាល។ ករណីនេះ ក្រុមសន្តិសុខក៏បានឃាត់ខ្លួនមនុស្សចំនួន ០៥នាក់ប្រគល់ឲ្យសមត្ថកិច្ចសាសួរ។
សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង២ក្រុម បានសារភាពថា៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ រំលងអធ្រាត ពួកខ្លួនបានមានជម្លោះនឹងគ្នាក្នុង ក្លឹប ថេមផល ក្លាសស៊ីក ដោយភាគីម្ខាងទៀតធ្វើឲ្យដបស្រាបៀរ កំពប់លើជើងភាគីម្ខាងទៀតក៏បណ្ដាលឲ្យមានជម្លោះនិងគ្នា ហើយក្រុមសន្តិសុខ ក៏បានចូលមកឃាត់បំបែកគ្នា។
ក្រោយមកពួកខ្លួនក៏បានចេញមកខាងក្រៅក្លឹប ទាស់ពាក្យសម្ដីគ្នា ហើយបក្ខពួករបស់ភាគីក្រុមទី០១ ឈ្មោះ ផល និងឈ្មោះ តឿ បានវាយទៅលើភាគីក្រុម ទី០២ បន្ទាប់មក ក្រុមសន្តិសុខក៏ចូលឃាត់ ( ក្នុងនោះមានជនរងគ្រោះផងដែរ) ប៉ុន្តែក្រុមជនសង្ស័យ ទាំង២ក្រុម បាននាំគ្នារត់ និងជិះម៉ូតូគេចខ្លួន ហើយក៏ត្រូវបានក្រុមសន្តិសុខចាប់បាន។
ជនសង្ស័យបន្តថា ខណៈពេលដែលសន្តិសុខ ( ជនរងគ្រោះ ) កំពុងតែចាប់ ឈ្មោះ យន់ សារ៉ាត់ នៅចំណុចមុខភោជនីយដ្ឋាន ឌឺរាយថ្វិនបារ ស្រាប់តែមានជនសង្ស័យ ចំនួន ០២នាក់ ( បក្ខពួកក្រុមទី០១ ) បានជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ កាំបន្ទះពណ៌ខ្មៅ មិនចាំផ្លាកលេខ ប្រដាប់ដោយកាំបិតខ្វែវ បានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ ត្រូវចំក្បាលផ្នែកខាងក្រោយ បណ្ដាលឱ្យដាច់រយះ ក្បាលផ្នែកខាងក្រោយ។
ជនសង្ស័យ ក្រុមទី០១ ឈ្មោះ មិន សុជាតិ និងឈ្មោះ យន់ សារ៉ាត់ បានបញ្ជាក់ថា ជនសង្ស័យទាំង ០២នាក់ ដែលជិះម៉ូតូចូលមកកាប់ជនរងគ្រោះ នោះ គឺជាបក្ខពួករបស់ខ្លួនរួមមាន ឈ្មោះ ផល និងឈ្មោះ តឿ ដោយឈ្មោះ ផល ជាអ្នកកាប់ ចំណែកឈ្មោះ តឿ ជាអ្នកឌុប។
បើតាមសមត្ថកិច្ច ករណីក៏បានធ្វើតេស្តស្វែងរកសារធាតុញៀន លើខ្លួនជនសង្ស័យទាំង ០៥នាក់ ជាលទ្ធផល វិជ្ជមាន ម្នាក់គឺជនសង្ស័យ ឈ្មោះ ឆាន់ រ៉ាត់។
បច្ចុប្បន្ននគរបាលខេត្តសៀមរាប បញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕ដោយនាគខៀវ