លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់លោកយាយ លោកតា ពុកម៉ែ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមការពារសុខសន្តិភាព ឱ្យបាននៅគង់វង្ស ស្ថិតស្ថេរជារៀងដរាប ដេីម្បីបន្តការអភិវឌ្ឍរីកចម្រើនទៅមុខទៀត និងសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ផងដែរ។
លោក អ៊ុន ចាន់ដា បានថ្លែងថា សម្តេចតេជោ សែន ហ៊ុន បាននាំមកនូវសុខសន្តិភាព និងសមិទ្ធផលរីកចម្រើន ជូនប្រជាពលរដ្ឋ។
លោកការថ្លែងបែបនេះក្នុងពិធីបុណ្យពុទ្ធាភិសេក សម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តបុទុមមុនីវ័ន (វត្តស្តៅលើ) ស្ថិតនៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃសុក្រនេះ។
ក្នុងពិធី នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ជាវីរបុរសដ៏ឆ្នើម បានពុះពារឆ្លងកាត់ឧបសគ្គ ក្នុងការស្វែងរកសន្តិភាព រក្សាស្ថិរភាព និងការអភិវឌ្ឍ ជូនជាតិមាតុភូមិ ឱ្យមានការរីកចម្រើនឥតឈប់ឈរ និងបានធ្វើឱ្យប្រជាពលរដ្ឋ កាន់តែមានជីវភាពប្រសើរឡើង ជាពិសេសបានជំរុញការអភិវឌ្ឍ នៅតាមមូលដ្ឋាន ដូចជា ផ្លូវ ស្ពាន ផ្សារ វត្តអារាម សាលារៀន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដេីម្បីលើកកម្ពស់កម្រិតជីវភាព ប្រជាជននៅតាមជនបទ និងបង្ខិតទីជនបទ ឱ្យមានជីវភាពប្រហាក់ប្រហែលទៅនឹងទីប្រជុំជន៕ដោយនាគខៀវ