មេភូមិតាចក ខេត្តសៀមរាប ជិះម៉ូតូបុកម៉ូតូពលរដ្ឋ តែមិនទទួលខុសត្រូវ

មេភូមិតាចក ខេត្តសៀមរាប ជិះម៉ូតូបុកម៉ូតូពលរដ្ឋ តែមិនទទួលខុសត្រូវ

ខេត្តសៀមរាប៖មេភូមិតាចក សង្កាត់ស្រង៉ែ ខេត្ត សៀមរាប លោក រី ឃន បានរងការចោទប្រកាន់ពីពលរដ្ឋថា បានជិះម៉ូតូក្នុងស្ថានភាពស្រវឹងស្រា បើកបុកម៉ូតូរបស់គាត់ខណ:កំពុងតែជិះឌុបគ្នា។

ហេតុការណ៍បានកើតឡើងនៅម៉ោងប្រមាណជាង៩ ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិតាចក សង្កាត់ស្រង៉ែ ខេត្តសៀមរាប។ នេះបើតាមសម្ដីជនរងគ្រោះដែលបានផ្ដល់បទសម្ភាសន៍ ប្រាប់អង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ នៅថ្ងៃពុធនេះ។

ជនរងគ្រោះមាន ស្រ៊ាង តុលា ជាអ្នកបើកម៉ូតូឌុបមនុស្សម្នាក់ពីក្រោយ ជាប្អូនស្រី។

សៀមរាប ប៉ុស្ដិ៍ មិនអាចទាក់ទង លោក រី ឃន មេភូមិតាចក បាននៅឡើយទេរហូតមកដល់ម៉ោងផ្សាយនេះ។

បើតាមសម្ដីជនរងគ្រោះ បានលើកឡើងថា ខណៈពេលដែលរូបលោក បានកំពុងជិះម៉ូតូដឹកប្អូន នៅតាមផ្លូវ នៅពេលនោះ លោកមេភូមិតាចក ក៏បានជិះម៉ូតូចេញពីផ្ទះរបស់គាត់ ដោយមើលទៅក្នុងស្ថានភាពស្រវឹងសំដៅមករកម៉ូតូរបស់លោកតែម្ដង។ ហើយលោកបានព្យាយាមបើកម៉ូតូគេចដែរ ប៉ុន្តែគេចមិនផុត ដោយសារម្ខាងទៀតជាប្រឡាយ ទើបធ្វើឱ្យម៉ូតូមេភូមិតាចក បានមកបុកម៉ូតូរបស់លោកចំពីក្រោយត្រង់បំពង់ស៊ីមាំង ប្រសិនបើលោកគេចមិនទាន់នោះទេ អាចនឹងចំរូបលោក និងប្អូនស្រី ទាំងកម្រោលតែម្ដង មិនដឹងថាស្លាប់ឬរស់ឬរបួសប៉ុន្មាននោះទេ។ តែសំណាងល្អរបួសបន្តិចបន្តួចតែប៉ុណ្ណោះ។

ជនរងគ្រោះបានបន្តថា ក្រោយពីកើតហេតុភ្លាមៗមេភូមិរូបនេះ បានលើកម៉ូតូ របស់ខ្លួនដោយនិយាយថា ប្រញាប់ទៅយកចៅនៅសាលា និងប្រាប់ជនរងគ្រោះថា ឲ្យទៅពេទ្យសិនទៅ ហើយចេញ វិក្កយបត្រ អស់ប៉ុន្មាន? រូបលោកនឹងជួយចេញថ្លៃព្យាបាល។ ប៉ុន្តែនៅពេលចេញវិក្កយប័ត្រ រួចមក លោកមេភូមិរូបនេះ មិនបានទទួលខុសត្រូវ ក្នុងការជួយចេញថ្លៃព្យាបាលនោះទេ ព្រមទាំងបោះសម្ដីថាធ្វើអីធ្វើទៅ។ បញ្ជាក់មេភូមិរូបនេះ បានឲ្យលុយតែ៤ម៉ឺនរៀល តែប៉ុណ្ណោះ មករូបលោកប្រាប់ជួសជុលម៉ូតូ ដោយការជួសជុលអស់ ៣៥០០០រៀល៕ដោយនាគខៀវ