នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ វិធីសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត ឬយករាជធានីភ្នំពេញចិញ្ចឹមរាជធានីភ្នំពេញ ដែលធ្វើឱ្យរាជធានីភ្នំពេញ មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ

នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ វិធីសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត ឬយករាជធានីភ្នំពេញចិញ្ចឹមរាជធានីភ្នំពេញ ដែលធ្វើឱ្យរាជធានីភ្នំពេញ មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ កោតសរសើរ ចំពោះកិច្ចខិតសំប្រឹងប្រែង និងវិធីសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត ឬយករាជធានីភ្នំពេញចិញ្ចឹមរាជធានីភ្នំពេញ ដែលធ្វើឱ្យរាជធានីភ្នំពេញមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ សម្ដេចតេជោ ថា រាជធានីភ្នំពេញកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយលើការ អភិវឌ្ឍក្រោមគោលនយោបាយ និងយុទ្ធសាស្រ្ដ «ស្លឹកត្នោតខ្ចប់ស្ករត្នោត» ដោយយកធនធានផ្ទាល់នៅទីនេះ ដើម្បីអភិវឌ្ឍន៍ឡើងវិញ និងកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នៅថ្ងៃពុធនេះ។

សម្ដេចហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាបមកតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ និងស្ពានអាកាសនៅផ្លូវជាតិលេខ៥ឫស្សីកែវ បន្ទាប់ពីសម្ដេចបានអញ្ជើញបើកការដ្ឋានស្ពានទាំងពីរនេះ នាពេលកន្លងទៅ។

សម្តេចតេជោ បានមានប្រសាសន៍រំលឹកគ្រាអតីតកាល នៃតំបន់ជ្រោយចង្វារ និងឫស្សីកែវ ដែលជាកន្លែងជ្រកពួន និងលាក់ខ្លួន របស់ខ្មែរក្រហម ដែលតែងលបលួចចូលវាយប្រហារកន្លែងស្តុកសាំង និងចូលមកកាន់រាជធានីភ្នំពេញ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏សូមការអធ្យាស្រ័យដល់អ្នករត់ទូកដ និងសាឡង់ទាំងឡាយដែលរាជរដ្ឋាភិបាលបានសាងសង់ស្ពានជាច្រើនឆ្លងកាត់ទន្លេ ដែលធ្វើឱ្យផ្ដាច់មុខរបរអ្នករត់ទូកដ និងសាឡាងនៅរាជធានីភ្នំពេញ ខណៈគម្រោងសាងសង់ស្ពានមួយចំនួនទៀតដូចជា ស្ពានតភ្ជាប់ពីរាជធានីភ្នំពេញទៅអរិយ្យក្សត្រ និងស្ពានតភ្ជាប់នៅតំបន់ច្បារអំពៅជាដើម ដែលនឹងត្រូវសាងសង់នៅពេលខាងមុខ។ សម្ដេចតេជោបានផ្ដាំផ្ញើអ្នកបន្តវេននាំក្រោយ កុំភ្លេចប្រើប្រាស់ ឬវិភាជថវិកាទៅលើហេដ្ឋារចនាសម្ព័ន្ធពន្លឿនសេដ្ឋកិច្ច ក្នុងពេលដឹកនាំប្រទេស ឬស្ថាប័ន ឬហៅថា «បែងចែកថវិកានៅកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌» ដោយគួរតែរៀបចំមិនត្រូវប្រើប្រាស់ថវិកាខ្ចះខ្ជាយឡើយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រកាស ពីគម្រោង និងដំណើរការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្នែកមួយ នៃការតភ្ជាប់ និងលំហូរ នៃការធ្វើដំណើរបានឆាប់រហ័ស ដែលផ្លូវនេះនឹងត្រូវបើកការដ្ឋាននៅថ្ងៃ៧ មិថុនាខាងមុខនេះផងដែរ៕ដោយនាគខៀវ