សម្តេចតេជោ ហ៊ុន សែន នៅមុខកម្មករ និយោជិត ប្រមាណជិត២ម៉ឺននាក់ នៅរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាថ្ងៃសុក្រនេះ បានស្នើឱ្យគ្រប់ភាគីទាំងអស់ ត្រូវតែខិតខំដោះស្រាយ រាល់វិវាទជាមួយកម្មករ ឱ្យបានឆាប់រហ័សកុំអូសបន្លាយរយៈពេលយូររហូតដល់ដល់ដៃតុលាការ។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ សម្តេចហ៊ុន សែន បានគូសបញ្ជាក់ថា៖ «បើសិនមានករណីវិវាទ ត្រូវដោះស្រាយ កុំទុកយូរ កុំចិញ្ចឹមទំនាស់សហជីព ជាមួយម្ចាស់រោងចក្រ តំណាងកម្មករសហជីព ដោយមានការចូលរួមពីក្រសួងការងារ និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវដោះស្រាយ ឱ្យបានឆាប់រហ័សបំផុត តាមគោនយោបាយ ឈ្នះ ឈ្នះ»។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានជំរុញឱ្យគ្រប់ភាគីឆាប់ដោះស្រាយ ក្រៅប្រព័ន្ធតុលាការ និងចៀសវាងដោះស្រាយ បានតាមផ្លូវតុលាការ រាប់ទាំងករណីថៅកែរត់ចោលកម្មករ ដោយមិនចាំរង់ចាំថៅកែមកដោះស្រាយ ឬរង់ចាំតុលាការប្រកាសលក់ឡៃឡុងនោះទេ គឺវាយឹត ដូច្នេះក្រសួងការងារត្រូវដោះស្រាយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា កន្លងមកសម្តេច តែងតែធ្វើបុរេប្បទានលុយ(ផ្ទេរ) ទៅឱ្យក្រសួងការងារដើម្បីដោះស្រាយបញ្ហាជូនកម្មករ។ ចំពោះនីតិវិធីផ្លូវតុលាការ គឺយូរ ហើយពេលខ្លះការលក់ឡៃឡុងនោះ យកមកសងកម្មករមិនគ្រប់គ្រាន់ផងដែរ។ ជាមួយគ្នានេះដែរ កន្លងមកកម្មករមិនត្រូវបានបាត់បង់ផលប្រយោជន៍ នោះទេ ដោយសាររាជរដ្ឋាភិបាល តែងតែធ្វើការប៉ះប៉ូវសងនូវការខ្វះខាតជានិច្ច។
សម្តេចតេជោថ្លែងបញ្ជាក់ថា៖ «ម្ចាស់រោងចក្រ រត់ទៅបាត់ហើយចាំអ្នកណាសង យើងលក់ឡៃ ឡុងវាមិនគ្រប់ មានតែវិធីមួយប៉ះប៉ូវ។ ប៉ុន្តែវិធីហ្នឹងចាំដល់ពេលរួច ជំពាក់ប៉ុន្មាន ដល់ពេលណា ទូរទាត់បញ្ជីគ្នាម្តងដើម្បីផ្តាច់កុំឱ្យជំពាក់ពីព្រោះថាករណី ហ្នឹងក្រសួងការងារ ជំពាក់រដ្ឋ ប៉ុន្តែ ដល់ពេលណាមួយថា សងអត់បានទេ មានតែប្រើវិធីមួយគឺកាត់ផ្តាច់ ដែលផលប្រយោជន៍នោះអ្នកទទួល បានគឺកម្មករ»៕ដោយនាគខៀវ

