ប្រជាកសិករ ក្នុងឃុំក្រឡាញ់ ខេត្តសៀមរាប ស្នើសុំថ្នាក់លើ ដកសិទ្ធិគ្រប់គ្រងប្រឡាយទឹករដ្ឋ ផ្តាច់មុខ ពីលោក គីម ធន់ ដើម្បីអោយពួកគាត់បានប្រើប្រាស់ទាន់ពេលវេលា

0

ខេត្តសៀមរាប៖ប្រជាកសិករពីរភូមិ ក្នុងឃុំក្រឡាញ់ ស្នើសុំថ្នាក់លើ ដកសិទ្ធិគ្រប់គ្រងប្រឡាយទឹករដ្ឋ ផ្តាច់មុខ ពីលោក គីម ធន់ មកដាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ដើម្បីអោយពួកគាត់បានប្រើប្រាស់ទាន់ពេលវេលា។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងភូមិចំនួនពីរ នៃឃុំក្រឡាញ់ បានធ្វើលិខិតស្នើសុំបង្កើតសហគម ដាក់ម៉ាស៊ីនបូមទឹក នៅលើទីតាំងអូរធំព្រំប្រទល់ភូមិកោះក្របៅ និងភូមិសំពៅលូន ដើម្បីបូមទឹកយកពីស្ទឹង មកប្រើប្រាស់ស្រោចស្រព ស្រែប្រាំង របស់ប្រជាកសិករ ដែលមានដីទំហំប្រមាណ ១២៥ ហិកតា នៅភូមិកោះក្របៅ និងភូមិសំពៅលូន នៃឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សូមជម្រាបថាបន្ទាប់ពីបានដាក់លិខិតស្នើរសុំបង្កើតសហគមន៍ ដាក់ម៉ាស៊ីនបូមទឹកនៅលើទីតាំងអូរធំ នៅរដ្ឋបាលស្រុកក្រឡាញ់ ច្រើនខែមក មិនមានដំណោះស្រាយ ជូនពួកគាត់ ទើបពួកគាត់ទទូចស្នើរសុំ អោយថ្នាក់លើ ជួយដោះស្រាយ អំពីទុក្ខកង្វល់របស់ពួកគាត់ពេលនេះផង។

តំណាងប្រជាពលរដ្ឋក្នុងពីរភូមិ បានរៀបរាប់ថា ច្រើនឆ្នាំកន្លងមក ប្រជាកសិករ ធ្វើស្រែប្រាំង ដោយទិញទឹកស្រោចស្រព ពីរម្ចាស់ទឹកឯកជន ត្រូវបានជួបបញ្ហាប្រឈម យ៉ាងច្រើនដូចជា បូមទឹកដាក់ស្រែប្រាំង មិនគ្រប់គ្រាន់ និងទាន់ពេលវេលា តាមតម្រូវការលូតលាស់តាមអាយុកាលរបស់ស្រូវ ជាហេតុ ធ្វើអោយស្រូវថយទិន្នផលយ៉ាងខ្លាំង និងខាតបង់ប្រាក់ដើមយ៉ាងច្រើនជារៀងរាល់ឆ្នាំ។

ករណីនេះពួកគាត់ទទូចស្នើសុំ ទៅថ្នាក់លើ មេត្តាដកសិទ្ធ ពីលោក គិម ធន់ ដែលកំពុងគ្រប់គ្រងផ្តាច់មុខ នៅប្រឡាយទឹករបស់រដ្ឋ អោយមកជាប្រឡាយ ទឹកឯកជនរបស់រដ្ឋ ដើម្បីផ្តល់សិទ្ធិអោយប្រជាពលរដ្ឋ អាចមានសិទ្ធិគ្រប់គ្រាន់ ក្នុងការបូមទឹកដាក់ស្រែប្រាំង បានគ្រប់គ្រាន់ និងទាន់ពេលវេលាតាម តម្រូវការលូតលាស់តាមអាយុកាលរបស់ស្រូវ។

សូមបញ្ជាក់ថា៖ រដ្ឋបាលស្រុកក្រឡាញ់ បានឯកភាពជាគោលការណ៍ អនុញ្ញាតឲ្យ លោក គិម ធន់  ធ្វើការស្តារអូរ-ប្រឡាយចាស់ចំនួន ០១កន្លែង ប្រវែងចំនួន ២,៥០០ម៉ែត្រ និងដាក់លូ ចំនួន ០៣ កន្លែង សម្រាប់ឆ្លងកាត់ ដែលមានទីតាំងស្ថិតនៅភូមិសំពៅលូន និងភូមិកោះក្របៅ ឃុំក្រឡាញ ដើម្បីបានបងប្អូនប្រជាពលរដ្ឋ ទប់ទឹកសម្រាប់ធ្វើស្រែប្រាំង និងពេលរដូវវស្សាកាណូត ឬ ទូក, អាចបើកបរឆ្លង កាត់បាន។ ជាមួយគ្នានេះដែរ ដើម្បីឲ្យការស្ដារអូរ-ប្រឡាយចាស់ និងដាក់លូ បានប្រព្រឹត្តទៅមានភាពរលូន និងមិនខុសលក្ខណៈបច្ចេកទេស ខ្ញុំសូមលោកធ្វើការសហការ ជាមួយអាជ្ញាធរឃុំ ការិយាល័យធនធានទឹក និងឧតុនិយមស្រុក និងបងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទៃដីស្រែនៅជាប់អូរ-ប្រឡាយចាស់ ឲ្យចូលរួមសហការ កុំខាន។

បើទោះជា ទទួលបានការអនុញ្ញាតពីអាជ្ញាធរស្រុកក្រឡាញ់ បែបនេះក្តី ប្រជាពលរដ្ឋ បានអះអាងថា ពួកគាត់នៅតែមិនទទួលបានទឹកសម្រាប់ធ្វើស្រែប្រាំង តាមតម្រូវការរបស់ពួកគាត់ឡើយ៕

ជុំវិញការស្នើសុំរបស់ប្រជាពលរដ្ឋ នេះ សៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការ ពន្យល់ពីលោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ នៅឡើយទេ។ ចំណែកលោក គីម ធន់
ក៏មិនអាចទាក់ទងដើម្បីបំភ្លឺបានឡើយដោយមិនមានលេខទូរស័ព្ទ៕ដោយនាគខៀវ