លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងព្រមានថា ចាប់ពីពេលនេះតទៅ សម្រាប់ប្រជាពលរដ្ឋ ឬក៏មានឈ្មួញណា ដែលហ៊ានបំពានដីតំបន់៣ម្ដងទៀត នឹងត្រូវធ្វើការចាត់វិធានការ ទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។ ដោយឡែកសម្រាប់មន្រ្ដីអនុវត្តច្បាប់ក៏ដូចគ្នាដែរ មិនត្រូវធ្វើការព្រលែងដៃឡើយ គឺត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរឹង ជាទីបំផុត ព្រោះថាបើមិនធ្វើការរឹតបន្តឹងច្បាប់ និងតាមរកអ្នកដែលបំផ្លិចបំផ្លាញ ដីតំបន់៣នេះទៀត នោះមច្ឆជាតិនៅបឹងទន្លេសាប នឹងត្រូវបាត់បង់បន្ដិចម្ដងៗ បឹងទន្លេសាបនឹងកាន់តែរួមតូចទៅៗ ធ្វើឱ្យបាត់បង់ផលប្រយោជន៍ជាតិជាធំ ដែលជាសម្បត្តិធម្មជាតិដ៏ល្អឥតខ្ចោះរបស់ប្រទេសជាតិ។
លោក សុខ លូ ក៏បានណែនាំដល់អាជ្ញាធរស្រុក ត្រូវធ្វើការបិទប្រកាសផ្សព្វផ្សាយ ព្រំដី ធ្វើការចុះបញ្ជីដីជាប្រព័ន្ធ និងត្រូវអនុវត្តបន្តទៅតាមគោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាល បន្ទាប់ពីធ្វើការកែសម្រួលព្រំដីតំបន់៣មកជាតំបន់២ និងតំបន់១រួចរាល់ផងដែរ។
អភិបាលខេត្តបាត់ដំបងបានបន្តថា សម្រាប់ដីដែលប្រជាពលរដ្ឋ បានទទួលបានការកាត់ឆ្វៀលនេះ នឹងទទួលបានប័ណ្ណ សម្គាល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផល សម្រាប់ប្រជាពលរដ្ឋ អាស្រ័យផល នៅដីតំបន់២ ហើយក្នុងនោះប្រជាពលរដ្ឋ មិនអាចធ្វើការលក់ដូរទៅអ្នកណាបានទេ ឬជួលអ្វីឡើយ ប៉ុន្តែអាចបន្តមរតកបាននៅពេលដែលម្ចាស់ប័ណ្ណទទួលមរណភាព។
លោកបានបន្តទៀតថា ការកាត់ឆ្វៀលដីនេះ គឺជាការកាត់ទៅតាមអ្វីដែលប្រជាពលរដ្ឋ បានធ្វើការអាស្រ័យផលយូរមកហើយ និងទៅតាមការចុះមកពិនិត្យវាស់វែងជាក់ស្ដែងតែម្ដង ក៏ដូចជាតាមរយៈការស្នើសុំរបស់ប្រជាពលរដ្ឋដែលអាស្រ័យផល និងរស់នៅជាយូរមកហើយផងដែរ។
អភិបាលខេត្តបាត់ដំបង ក៏បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច បានធ្វើការគិតគូរដល់ ប្រជាពលរដ្ឋ ធ្វើការអាស្រ័យផលលើដីតំបន់២ តំបន់៣ នេះជាយូរណាស់មកហើយ ដើម្បីសម្រួលព្រំដីតំបន់៣ មកជាតំបន់២ និងតំបន់២មកជាតំបន់១ ដើម្បីបង្កលក្ខណៈដ៏ប្រសើរដល់ជូនប្រជាពលរដ្ឋ។
ការលើកឡើងរបស់ លោកសុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដី តំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកសង្កែ ស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅថ្ងៃអង្គារនេះ៕ដោយនាគខៀវ

