លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម បានណែនាំដល់ប្រធានគណបក្សសង្កាត់ទាំងពីរ ក៏ដូចជាក្រុមការងារស្នូល ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹមចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្សរាល់ពេលពួកគាត់មានតម្រូវការ ឬមានសំណូមពរ និងជួបបញ្ហាផ្សេងៗ ជាពិសេសគឺត្រូវផ្សារភ្ជាប់ទៅនឹងការផ្ដល់-ទទួលសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ពួកគាត់ផងដែរ។
ការណែនាំនៅថ្ងៃសៅរ៍នេះ ឱកាស បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ១៤២៣នាក់ ដែលជាយុវជនគ្រប់អាយុបោះឆ្នោត នៅក្រុងកំពង់ចាម។
លោក អ៊ុន ចាន់ដា បានថ្លែងថា ការកសាងសមាជិកគណបក្ស នៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ពោលគឺត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អ ដល់សមាជិកបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅ។ ពីព្រោះថា ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូល ជាសមាជិកបក្សប្រជាជន ប៉ុន្តែមិនមែន បានន័យថា ពួកគាត់មិនបោះឆ្នោត គាំទ្រ គណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋាន ក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់ដូចគ្នា។
ប្រធានគណបក្សខេត្ត បានបន្តថា គណបក្សមូលដ្ឋាន ក៏ត្រូវត្រៀមឃោសនិក ដើម្បីបកស្រាយ អំពីគោលនយោបាយ គណបក្ស ផ្សព្វផ្សាយទៅកាន់ ប្រជាពលរដ្ឋ នៅតាមទីប្រជុំជននានា ហើយក៏ដើម្បីវាយបកទៅកាន់មជ្ឈដ្ឋានដែលវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាវិញដែរ។
លោកអ៊ុន ចាន់ដា បានបញ្ជាក់ថា រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
គួរបញ្ជាក់ថា សមាជិកថ្មី ចំនួន ១៤២៣នាក់ ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រុងកំពង់ចាម ក្នុងនោះសមាជិកមកពីសង្កាត់បឹងកុក ចំនួន ៧១២នាក់ និង សង្កាត់សំបួរមាស ចំនួន ៧១១នាក់ ដែលជាយុវជនគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផងដែរ៕ដោយនាគខៀវ

