លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋថា កាលពី ៤៥ឆ្នាំមុន សម្តេចតេជោ និងយុទ្ធមិត្តបានចូលរួមបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីរំដោះប្រទេស និងប្រជាជន ឱ្យចេញផុតពីរបបប៉ុលពត

0

លោកបណ្ឌិតហ៊ុន ហ៊ុន ម៉ាណែត បានប្រាប់ប្រជាពលរដ្ឋថា កាលពី ៤៥ឆ្នាំមុន សម្តេចតេជោ និងយុទ្ធមិត្តបានចូលរួមបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិ កម្ពុជា ដើម្បីរំដោះប្រទេស និងប្រជាជន ឱ្យចេញផុតពីរបបប៉ុលពត ដែលបានគ្រប់គ្រងអំណាច ហើយបានកាប់សម្លាប់ប្រជាពលរដ្ឋយ៉ាងព្រៃផ្សៃសាហាវឃោរឃៅ។

ក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសិរីមង្គល ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃសុក្រនេះ លោកបណ្ឌិតហ៊ុន ម៉ាណែត ក៏បានណែនាំដល់ពលរដ្ឋទាំងអស់ ចូលរួមជាមួយ រាជរដ្ឋាភិបាល និង សម្តេចតេជោ ក្នុងការថែរក្សាឱ្យបាននូវបរិស្ថានសុខសន្តិភាព ស្ថិរភាព ព្រមទាំងឱកាសក្នុងការបន្តកសាងអភិវឌ្ឍប្រទេសឱ្យបានឋិតថេរយូរអង្វែង។

លោកហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោមគោលនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានកែប្រែស្រុកកំរៀងពីតំបន់ជម្លោះប្រដាប់អាវុធ អស្ថិរភាព មកជាតំបន់មានសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍរីកចម្រើន ជាមួយនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង។

លោកហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងគោលបំណងអាទិភាពចម្បងឥតកែប្រែ គឺការធានានូវជីវភាពសុខសាន្ត និងសម្បូរសប្បាយ របស់ប្រជាពលរដ្ឋ តាមរយៈការបន្តជំរុញការអភិវឌ្ឍឱ្យកាន់តែប្រសើរដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាជំហានៗនៅទូទាំងប្រទេស ក៏ដូចមូលដ្ឋានស្រុកកំរៀងនេះផងដែរ។

លោកក័បានប្រាប់ថា មកដល់បច្ចុប្បន្ន កម្លាំងសាមគ្គីភាពនេះ ក៏បានឋិតនៅយ៉ាងរឹងមាំ និងបានបន្តស្មារតី វីរភាព និងសកម្មភាពរួបរួមគ្នាបំពេញភារកិច្ចបម្រើជាតិមាតុភូមិ ដោយបានសម្រេចនូវសមិទ្ធផល យ៉ាងច្រើន អនេកជូនសង្គមជាតិ រាប់ទាំងការការពារនូវអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការផ្តល់នូវឱកាស ក្តីសង្ឃឹម និងលំនឹងស្ថិរភាពសម្រាប់អនាគតទៅមុខ៕ដោយនាគខៀវ