ភ្នំពេញ៖យោងតាមប្រភពបានបង្ហើបឲ្យដឹងថា ប្រធានគយចល័តតំបន់១ រាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក អ៊ួន សុវណ្ណារ៉ា មិនបានទប់ស្កាត់ បទល្មើសទំនិញគេចពន្ធ និងការបង់ពន្ធមិនគ្រប់នោះទេ។ ដោយមិនខ្វាយខ្វល់ ពីការរកចំណូលបង់ពន្ធជូនរដ្ឋ តាមផែនការស្ថាប័នខ្លួនឡើយ។
ប្រភពបានបន្តទៀតថា កាលពីពេលថ្មីៗនេះ ក្រុមអនុលោម ឬ ក្រុមជំនួយការ សម្រាប់ចុះត្រួតពិនិត្យសាខាការិយាល័យគយ និងរដ្ឋាករកម្ពុជា តាមច្រកចេញចូលព្រំដែន និងនៅតាមផែស្ងួតនានា បានរកឃើញទំនិញគេចពន្ធ និងបង់ពន្ធគ្រប់ជាច្រើនប្រភេទស្ទើរគ្រប់កន្លែងទូទាំងប្រទេស។ ដោយក្រុមអនុលោម សេនាធិការនៃ អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានធ្វើឱ្យ ប្រធានការិយាល័យគយ មួយចំនួនរត់ចែកជើងគ្នា។
ចំណែកនៅក្នុងដែនសមត្ថកិច្ច របស់ លោក អ៊ួន សុវណ្ណារ៉ា តំបន់១ រាជធានីភ្នំពេញ ត្រូវបានក្រុមអនុលោម ចាប់ទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ នៅផែស្ងួត រាជធានីភ្នំពេញ កៀនស្វាយ ដោយផាកពិន័យជាប្រាក់ជាង ៦០ម៉ឺនដុល្លារ។
ប្រធានការិយាល័យគយ និងរដ្ឋាករកម្ពុជា ដែលរត់ខ្វែង ដៃជើង គ្នាទាំងយប់នោះ ក៏បានឡើងមកសុំជួបលោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ដើម្បីធ្វើការបកស្រាយ ការពារកំហុសរបស់ខ្លួន។ ខណៈនោះ អ្នកណាឡើងមកដោះស្រាយទាន់ពេលវេលាគឺរួចខ្លួន។ ឯអ្នកឡើងមកបកស្រាយ
មិនទាន់គឺប្រឈមត្រូវបានដកបញ្ឈរជើង។
ប្រភពដដែលបានបញ្ជាក់ថា ដោយការមើលឃើញករណី គយប្រចាំការិយាល័យ បង់ពន្ធជូនរដ្ឋ មិនគ្រប់តាមផែនការនោះ អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ក៏បានចេញបញ្ជា ឱ្យ ក្រុមអនុលោម ចុះទៅត្រួតពិនិត្យទំនិញ ផែស្ងួតភ្នំពេញ រកឃើញថា ទំនិញគេចពន្ធរបស់ ក្រុមហ៊ុនសាំងហ្គាពួរ នៅផែស្ងួត ភ្នំពេញ ភាគច្រើន ជាផលិតផល មកពីប្រទេស លោកខាង លិចដែលត្រូវបង់ពន្ធថ្លៃជាងគេអស់។
ជុំវិញការលើកឡើងបែបនេះ សៀមរាប ប៉ុស្ដិ៍ មិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោក អ៊ួន សុវណ្ណារ៉ា ប្រធានគយចល័តតំបន់១ នៃរាជធានីភ្នំពេញ នៅឡើយទេដោយមិនមានលេខទំនាក់ទំនង៕ដោយនាគខៀវ

