លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃអង្គារ ម្សិលមិញ បានដឹកនាំកិច្ចប្រជុំដោះស្រាយសម្របសម្រួល ករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះ មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅក្នុងកិច្ចប្រជុំលោកគួច ចំរើន បានមានប្រសាសន៍ថា កាលពីខែមីនា កន្លងទៅ រដ្ឋបាលខេត្តព្រះសីហនុ បានដាក់កម្មវិធីប្រជុំដោះស្រាយ សម្របសម្រួលករណីវិវាទរវាង ប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី ដើម្បីជម្រុញការរកដំណោះស្រាយ បញ្ហារបស់បុរី វីអាយភី ដែលបានធ្វើការសាងសង់ផ្ទះ និងលក់ជូនអតិថិជននៅពេលកន្លងទៅ។
លោកគួច ចំរើន បន្តថាដោយមានបញ្ហាវិបត្តិជាបន្តបន្ទាប់ ធ្វើឱ្យបងប្អូនអតិថិជន បាត់បង់ទំនុកចិត្តដល់ម្ចាស់បុរី ហើយម្ចាស់បុរី មានការពាក់ព័ន្ធ ជាមួយម្ចាស់បំណុលផ្សេងទៀត ថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំ សម្រុះសម្រួលឱ្យមានការឯកភាពគ្នា រវាងភាគីម្ចាស់បំណុល និងក្រុមហ៊ុន បុរី វីអាយភី ដើម្បីបន្តការសាងសង់ជូនអតិថិជន។
រដ្ឋបាលខេត្តព្យាយាម រកបញ្ហាប្រឈមដើម្បីរកដំណោះស្រាយ ជូនបងប្អូនអតិថិជន ភាគីម្ចាស់ បំណុល និងក្រុមហ៊ុន ថ្ងៃនេះ រដ្ឋបាលខេត្តចង់ដឹងពីភាគីម្ចាស់បំណុល ណាមួយដែលស្ម័គ្រចិត្ត ចូលរួមសហ ការសាងសង់សំណង់បុរី នេះបន្តជូនបងប្អូនអតិថិជន។
តាមលិខិតអនុញ្ញាតសាងសង់ ម្ចាស់សំណង់គ្រោងសាងសង់ផ្ទះ ល្វែងសរុបចំនួន ៤០០៥ល្វែង និងអគារចំនួន ៨ តាមការពិនិត្យជាក់ស្តែង ម្ចាស់សំណង់សាងសង់បានចំនួន ១៤៣៨ល្វែង ហើយម្ចាស់ផ្ទះបានបន្តសាងសង់ខ្លួនឯងចំនួន ៣៨ ល្វែង។
កិច្ចប្រជុំបានធ្វើការបូកសរុប និងសម្រេចដូចខាងក្រោម៖
១-ស្នើឱ្យភាគីម្ចាស់បំណុលទាំងអស់ ត្រូវដោះស្រាយជាអាទិភាពតែបំណុលដែលពាក់ព័ន្ធនឹងក្រុមហ៊ុន បុរី វីអាយភី ក្នុងខេត្តព្រះសីហនុ កុំទាន់យកបំណុលផ្សេងដែលមិនពាក់ព័ន្ធមកបូកបញ្ចូលគ្នា
២-ម្ចាស់បំណុលទាំងបីយល់ព្រមសហការបន្តវិនិយោគសាងសង់សំណង់បុរី ដើម្បីដោះស្រាយជូនអតិថិជន ប៉ុន្តែផ្តល់អាទិភាពជូនលោកជំទាវ សេង រួចលាង ជាអ្នកបន្តគម្រោងសាងសង់
៣-ជូនលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះពិនិត្យ ទីតាំងដីក្រុមហ៊ុន បុរី វីអាយភី ជាមួយម្ចាស់បំណុល ដោយមានការចូលរួមពីរដ្ឋបាលស្រុកព្រៃនប់ ភាគីក្រុមហ៊ុន បុរី វីអាយភី និងតំណាងប្រជាពលរដ្ឋ ចាប់ពីថ្ងៃស្អែកតទៅ៕ដោយនាគខៀវ

