លោក គន់​ គីម៖ អតីត​យុទ្ធជន​កម្ពុជា​ ​ជាអ្នកដែលមានគុណបំណាច់ធំធេង ចំពោះជាតិមាតុភូមិ ប៉ុន្តែកម្រិតជីវភាពមិនមែនសុទ្ធតែល្អប្រសើរ​នោះទេ​

លោក គន់​ គីម បាន​សង្កត់​ធ្ងន់ថា​ បងប្អូន​អតីត​យុទ្ធជន​កម្ពុជា​ ​ជាអ្នកដែលមានគុណបំណាច់ធំធេង ចំពោះជាតិមាតុភូមិ ប៉ុន្តែកម្រិតជីវភាពមិនមែនសុទ្ធតែល្អប្រសើរ​នោះទេ​ ពោលគឺ​ភាគច្រើន ជាអ្នកដែលមានជីវភាពទ័លក្រ លំបាក ខ្វះខាត ហើយ​សុខភាពមាន​ការ​ទ្រុឌទ្រោមទៀត​ផង។ ដូច្នេះ​សូម​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ ទាមទារ​ធ្វើ​យ៉ាងណា​​ ត្រូវ​ផ្តល់​​ប័ណ្ណ​ក្រីក្រ​ ​ជូន​ដល់​គ្រួសារ​​អតីត​យុទ្ធជន​ ដេីម្បី​ឱ្យ​ប្រពន្ធ​ កូន​របស់​​គាត់​បាន​ប្រេីប្រាស់​សេវា​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​នានា​ ដោយ​មិន​បង់​ប្រាក់​ផង ព្រោះ​បងប្អូន​អតីត​យុទ្ធជន​ យើង​មាន​ប័ណ្ណ​ ប​ ស​ ស​ រួច​ទៅ​ហើយ​ ប៉ុន្តែ​​ប្រពន្ធ​ កូន​ របស់​គាត់​ មិន​មាន​នោះ​​ទេ​ ដែល​នៅ​តែ​ជា​បន្ទុក​ចំណាយ​​សម្រាប់​គ្រួសារ​គាត់​។

អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​បងប្អូន​អតីត​យុទ្ធជន​កម្ពុជា​ ខេត្ត​កំពង់ចាម​ ចំនួន​ ២០០នាក់​ ខណៈ​អតីត​យុទ្ធជន​ក្នុង​ខេត្ត​កំកំពង់ចាម នៅ ថ្ងៃនេះ លោក គន់​ គីម អអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា​ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ថ្លៃថ្លារបស់បងប្អូនអតីតយុទ្ធជន ដែលកន្លងមក ហ៊ានពលីកម្មគ្រប់បែបយ៉ាង​ ដេីម្បី​រំដោះប្រទេសជាតិ​ឱ្យ​រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឱ្យ​ប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍ​រីកចម្រើន​ជាបន្តបន្ទាប់​​​មកដល់សព្វថ្ងៃនេះ។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រ ប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសដល់បងប្អូនអតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេស ចំនួន៨៦,៩៣១នាក់​។ ក្នុងនោះសម្រាប់ខេត្តកំពង់ចាម ទទួលបានមេដាយ ចំនួន៣,១៤៩នាក់ ដែល​ថ្ងៃ​នេះ​បាន​ផ្តល់​ជូន​ចំនួន២០០នាក់​ បន្ត​ទៀត​ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម​ នឹង​រៀបចំ​ពិធី​បំពាក់​មេដៃ​ជូន​​អតីត​យុទ្ធជន​នៅ​តាម​បណ្ដា​ស្រុក​ ​ដែល​មិន​ទាន់​ទទួល​បាន​មេដៃ​នេះ​។

លោកអ៊ុន​ ចាន់ដា​ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពងលចាម​ បាន​ណែនាំ​ដល់​គណៈអភិបាល​​ស្រុក​ទាំង​៩​ ឱ្យ​ត្រៀម​រៀបចំ​ពិធី​បំពាក់​មេដៃ​គ្រឿង​ឥស្សរិយយស​ ជូន​ដល់​​បងប្អូន​អតីត​យុទ្ធជន​កម្ពុជា​ ឱ្យ​បាន​គ្រប់​ៗ​គ្នា​ នាពេល​ខាង​មុខ​ជា​បន្ត​ទៀត​ ខណៈ​បងប្អូន​អតីត​យុទ្ធជន​ក្នុង​ក្រុង​កំពង់ចាម​ ចំនួន​១២០នាក់​ និងស្រុកកំពង់សៀមចំនួន៨០នាក់ ត្រូវ​បាន​ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់​ គីម​ បំពាក់​ជូន​ មេដៃ​អស្សឫទ្ធិ​ ចំនួន​​ ៤​គ្រឿង​ មេដៃ​មាស​ ចំនួន​ ៩៨​គ្រឿង​ និង​មេដៃ​ប្រាក់​ ចំនួន៩៨គ្រឿង​ រួមនឹង​ថវិការ​ចំនួន​ ៨ម៉ឺន​រៀល។

លោកអ៊ុន​ ចាន់ដា​ បាន​អំពាវនាវ​ដល់​បងប្អូន​អតីត​យុទ្ធជន​កម្ពុជា​ ឱ្យ​​រួម​កម្លាំង​សាមគ្គី​គ្នា​ ការពារ​សុខសន្តិភាព​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍ​រីកចម្រើន​ទៅ​មុខ​ទៀត​ ពោលគឺ​សូម​នាំ​ ប្រពន្ធ​ កូន​ ឬ​បងប្អូន​អ្នក​ជិត​ខាង​ ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ផងដែរ​៕ដោយនាគខៀវ