ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ថា នៅពេលខាងមុខ ក្រោយពីមានការបោះឆ្នោត រួចហើយ បន្ទាប់មក គឺយើងនឹងមានពេលវេលាអន្តរកាល នៅពេលណាគឺអាស្រ័យលើដឹកនាំ បច្ចុប្បន្ននេះ ពេលវេលាអន្តរកាលមានន័យថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងក្លាយទៅជានាយករដ្ឋមន្ត្រី ហេីយឯកឧត្តម លោកជំទាវ មួយចំនួន នឹងឡើងធ្វើជារដ្ឋមន្រ្តី នៃគណៈរដ្ឋមន្ត្រីថ្មី ពេលខាងមុខ។ បានន័យថា ពេលវេលាអន្តរកាល ឬថ្នាក់ដឹកនាំជំនាន់ថ្មី របស់គណបក្សប្រជាជនកម្ពុជា គឺមានសក្ដានុពល ថាមពលគ្រប់គ្រាន់ ហើយគោលការណ៍ គោលជំហរ របស់គាត់នៅតែដដែល គឺដើម្បីប្រជាជន និងដើម្បីប្រទេសជាតិកម្ពុជាមុនគេបង្អស់ ដូច្នេះហើយសូមឱ្យប្រជាពលរដ្ឋទាំងអស់ ជុំរុញបងប្អូនកូនចៅ ឬអ្នកជិតខាងយើង ទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា។
ឯកឧត្តម ហ៊ុន ម៉ានិត បានបន្តថា បង ណែត គឺជាថ្នាក់ដឹកនាំ វ័យក្មេងម្នាក់ ដែលមានសក្ដានុពល មានសមត្ថភាពគ្រប់គ្រាន់ និងមានស្នាដៃជាច្រើន ហេីយការដឹកនាំរបស់គាត់ មានការប្រមូលផ្ដុំ សុខដុមរមនីយកម្ម ដូចសម្តេចតេជោផងដែរ។ ពោលគឺការដឹកនាំរបស់គាត់ មានតម្លាភាពច្បាស់លាស់ណាស់ មិនមែនអ្នកណាដេីរជិតហើយ បានតួនាទីធំនោះទេ គឺពឹងយោងទៅលើគុណសម្បត្តិ ឬស្នាដៃរបស់បុគ្គលនីមួយៗផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានិត ថ្លែងបែបនេះក្នុងឱកាសតំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ពោធសមិទ្ធផលនានា ក្នុងវត្តនិរោធរង្សី (វត្តកន្លែងរុន) ស្ថិតនៅឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យនេះ។
ឯកឧត្តម ហ៊ុន ម៉ានិត៖ បានថ្លែងថា ដោយសារប្រទេសជាតិ មានសុខសន្តិភាព ទេីបយើងមានឱកាសធ្វើការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើងជាលំដាប់ ដែលជាកត្តាជុំរុញទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ឱ្យបានដេីរទន្ទឹមគ្នាផងដែរ។
ក្នុងពិធី ឯកឧត្តម ហ៊ុន ម៉ានិត បានថ្លែងថា ការដឹកនាំរបស់សម្តេចតេជោ គឺជាការដឹកនាំដោយភាពត្រជាក់ត្រជំ និងការដឹកនាំ ដោយមានធនធានមនុស្សគ្រប់គ្រាន់ មានទស្សនៈវិស័យ ចក្ខុវិស័យ វែងឆ្ងាយ និងមានគោលនយោបាយ ច្បាស់លាស់ ដើម្បីប្រទេសជាតិ និងដើម្បីប្រជាជន៕ដោយនាគខៀវ

