អាជ្ញាធរខេត្តកំពង់ចាម ទទួលឧបករណ៍ បាញ់ថ្នាំ សម្លាប់មេរោគ កូវីដ១៩ ពីក្រុមហ៊ុនខាងស៊ាងលី

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា  អភិបាលខេត្តកំពង់ចាម និងលោកខ្លូត ផន ប្រធានក្រុមក្រុមប្រឹក្សាខេត្តដោយមានការ ចូលរួមពីលោកលោកស្រី  អភិបាលរងខេត្ត  ថ្នាក់ដឹកនាំមន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្តនាព្រឹកថ្ងៃទី៣០ខែមីនា ឆ្នាំ ២០២០នេះ  បានអញ្ជើញទទួលឧបករណ៍ សម្រាប់បាញ់ថ្នាំ សម្លាប់មេរោគ កូវីដ១៩  ចំនួន៣០ធុង   ដែលក្រុមហ៊ុនខាងស៊ាងលី បានផ្តល់ជូន រដ្ឋបាល ខេត្តកំពង់ចាម  តាមរយៈ លោកហេង  វណ្ណនី  អភិបាលរងខេត្ត  ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាល  នៃមេរោគកូរ៉ូណា កូវីដ១៩ នៅ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម  ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  បានធ្វើការកោតសរសើរ  និងថ្លែងអំណរគុណ ចំពោះ កាយវិការ សប្បុរសធម៌  ដ៏ប្រពៃរបស់ ក្រុមហ៊ុនខាង ស៊ាង លី  ដែលបានចូលរួមចំណែក  ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ ការ រីករាលដាល  នៃវីរុសកូរ៉ូណា (កូវីដ-១៩)  ដោយបានជួយឧបត្ថម្ភ  ក្នុងការផ្ដល់ជាសម្ភារៈ ធុងសម្រាប់បាញ់ថ្នាំសម្លាប់ មេរោគ ដ៏កាចសាហាវ នេះស្របតាមតម្រូវការ នាពេលបច្ចុប្បន្ន នេះ។

ជាមួយគ្នានោះ លោក អភិបាលខេត្ត  បានថ្លែងផងដែរថាឧបករណ៍នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់  ក្នុងការបាញ់សម្លាប់វីរុសកូរ៉ូណា (កូវីដ-១៩) និងមេរោគផ្សេងៗទៀត ដូច្នេះ យើងត្រូវរក្សាទុកសម្រាប់ប្រើប្រាស់ឲ្យចំគោលដៅ  ដើម្បី ជា ការរួមចំណែក  បើកយុទ្ធនាការ បង្ការទប់ស្កាត់ ការ រីករាលដាលនៃ វីរុសកូរ៉ូណា  នៅតាមស្ថាប័នសាធារណៈ និងឯកជន ក្នុងភូមិសាស្រ្ត ខេត្តកំពង់ចាម។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសនោះ  លោកអភិបាលខេត្ត ក៏បានប្រគល់ធុងបាញ់ថ្នាំទាំងនោះ បន្តទៅឲ្យអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត  កងរាជអាវុធហត្ថខេត្ត  ស្នងការរដ្ឋាននគរបាលខេត្ត  ពន្ធធនាគារខេត្ត  មន្ទីរសុខាភិបាលខេត្ត  និង សម្រាប់ រដ្ឋបាលខេត្តកំពង់ចាមផងដែរ៕SRP

សរសេរមតិយោបល់