សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រធានអង្គការពុទ្ធសាសនិកពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រធានអង្គការពុទ្ធសាសនិកពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យប្រតិភូអង្គការពុទ្ធសាសនិក ពិភពលោក ដឹកនាំដោយឯកឧត្ដម Phallop Thaiarry ជាប្រធានអង្គការពុទ្ធសាសនិកពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅរសៀលថ្ងៃអង្គារម្សិលមិញ។

ឯកឧត្ដម Phallop Thaiarry បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ដែលបានផ្ដល់គោរមងាកិត្តិយស «ពុទ្ធមាមកាភិបាល» ជូនដល់សម្ដេចតេជោព្រោះថា សម្ដេចតេជោ បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការស្វែងរកសន្តិភាព ការអភិវឌ្ឍ ការធ្វើឲ្យសាសនា បានរស់ឡើងវិញនៅកម្ពុជា និងការធ្វើសុខដុមនីយកម្មសាសនា ដែលជាការងារបម្រើមិនត្រឹមតែកម្ពុជាទេ ប៉ុន្តែបម្រើឲ្យមនុស្សជាតិ ដែលកិច្ចការនេះ ចាំបាច់ត្រូវកត់ត្រាទុក ក្នុងប្រវត្តិសាស្ត្រតាមរយៈគោរពជូនសម្ដេចតេជោនូវគោរមងានេះ។

សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា ការទទួលបានគោរមងារនេះ គឺជាកិត្តិយសណាស់ ហើយក៏ជាមោទនភាពណាស់ដែរ។ សម្ដេចតេជោ នឹងខិតខំថែមទៀតដើម្បីលើកស្ទួយវិស័យសាសនាផង និងធ្វើសុខដុមនីយកម្មសាសនាផងមិនត្រឹមតែរវាងព្រះពុទ្ធសាសនាទេ ប៉ុន្តែរវាងសាសនាខុសគ្នាផង៕SRP