សមត្ថកិច្ចចុះបង្ក្រាបទីតាំង ផលិតផល ចេញពីអំពិលទុំ ដ៏ធំមួយកន្លែង នៅក្រុងសៀមរាប ដោយស្ងាត់ៗ

សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបទីតាំងផលិតផល ចេញពីអំពិលទុំ ដ៏ធំមួយកន្លែងនៅក្រុងសៀមរាប ដោយស្ងាត់ៗ កាលពីចុងខែមេសា។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ ស្ថិតនៅក្បែរភោជនីយដ្ឋានអង្គាដី ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។

មន្ត្រីជំនាញនគរបាលជាន់ខ្ពស់ខេត្តសៀមរាប បានថ្លែងប្រាប់សៀមរាប ប៉ុស្តិ៍ តាមទូរស័ព្ទថា ពិតជាមានករណីចុះបង្ក្រាបទីតាំងផលិតផលនោះប្រាកដមែន នៅចំណុចខាងលើ ប៉ុន្តែកម្លាំងនគរបាលជំនាញខេត្តសៀមរាប គ្រាន់តែសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយមកពីក្រសួង តែប៉ុណ្ណោះ។

មន្ត្រីនគរបាលរូបនោះបានបន្តថា ការបង្ក្រាប គឺគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានពន្លៀត ការងារមកពីខេត្តឧត្តរមានជ័យ ហើយនីតិវិធីគឺ នៅគណៈកម្មការបង្ក្រាប ជាអ្នកសម្រេច ហើយទីតាំងនោះ អាចមានច្បាប់ប៉ុន្តែខ្វះឯកសារមួយចំនួនពីសុខាភិបាល។ ហើយការផលិត អាចឡេឬស្កាប់ផងដែរ។

យោងតាមប្រភពពីមន្ត្រីនគរបាលខេត្តសៀមរាប មួយរូបទៀតបានបញ្ជាក់ថា៖ ពិតជាមានករណីកើតឡើងមែន៖
-កំពុងឃាត់ទុកវត្ថុតាង បណ្តោះអាសន្ន នៅទីតាំងបង្រ្កាប
– សមត្ថកិច្ចខេត្តចុះបង្រ្កាប ដោយគ្មានរបាយការណ៍ ( សម្ងាត់) គេលាក់ការណ៍។

បើតាមប្រភពបានអោយដឹងថា ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនោះ មានអំពិលទុំជាច្រើនគីឡូក្រាម ប៉ុន្តែគេនៅពុំទាន់ដឹងថាការយកអំពិលទុំនោះច្នៃជាផលិតផលអ្វីពិតប្រាកដឡើយ។

ជុំវិញករណីនេះ សៀមរាប ប៉ុស្តិ៍ មិនអាចទាក់ទងសុំការកាភ្លឺ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីធ្វើការអត្ថាធិប្បាយបន្ថែមនៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕SRP