ទីបំផុតកម្ពុជា បានសិក្សា ផ្លូវល្បឿនលឿនទី៣ «សៀមរាប-ភ្នំពេញ »

នៅទីបំផុតកម្ពុជា នឹងសាងសង់ផ្លូវល្បឿនលឿន ទី៣ សៀមរាប-ភ្នំពេញ ដោយគ្រោងបញ្ចប់ការសិក្សានៅខែឧសភា ២០២៣។

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅក្នុងសន្និសីទ ស្តីពីការលើកកម្ពស់ ការតភ្ជាប់ការដឹកជញ្ជូន ក្នុងតំបន់សម្រាប់អាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍ នៅក្រុងសៀមរាប នៅថ្ងៃសុក្រម្សិលមិញថា កម្ពុជានឹងមានផ្លូវល្បឿនជាច្រើនបន្ថែមទៀត ខណៈផ្លូវល្បឿនលឿនសៀមរាប ភ្នំពេញ នឹងបញ្ចប់ការសិក្សាគម្រោងនៅខែឧសភាឆ្នាំ២០២៣នេះ ហើយសម្រាប់កម្ពុជា ការអភិវឌ្ឍ មានច្រើនជាបន្តបន្ទាប់ មានទាំងគម្រោងតូច គម្រោងធំ។

លោក ស៊ុន ចាន់ថុល លើកឡើងទៀតថា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងនៅថ្ងៃទី០១ ខែឧសភា ខាងមុខនេះដែរ សម្តេចតេជោក៏នឹងអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី និងសម្ពោធបើកការដ្ឋានសាងសង់ ផែកុងទីន័រថ្មីមួយទៀត នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដែលមានជម្រៅទឹក១៤,៥ម៉ែត្រ ដែលផែថ្មីនេះ អាចឲ្យនាវាប្រមាណជា៩៣ភាគរយ ដែលចរាចរណ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចចូលចតបាន ខណៈពេលបច្ចុប្បន្ននេះ មាននាវាប្រមាណតែ១៨ភាគរយប៉ុណ្ណោះដែលអាចចូលចតបាន។

លោកស៊ុន ចាន់ថុល បន្តថា ជាមួយគ្នានេះ យើងក៏បានសិក្សា ផ្លូវរថភ្លើង ដែលបច្ចុប្បន្នមានល្បឿន យឺត ឲ្យទៅជាផ្លូវរថយន្តភ្លើង មានល្បឿនលឿន ពីភ្នំពេញ ទៅប៉ោយប៉ែត ហើយពីភ្នំពេញទៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាមួយគ្នានឹងការសិក្សាគម្រោងដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ ទៅកាន់សមុទ្រនៅខេត្តកែប ក៏បានបញ្ចប់ផងដែរ។

លោកបន្តថា នៅមានគម្រោងជាច្រើនទៀត ទាំងតូច ទាំងធំ ក្នុងនោះក៏មានគម្រោងផ្លូវល្បឿនលឿន ទី៣ សៀមរាប ភ្នំពេញ ហើយក៏អាចមានផ្លូវល្បឿនលឿនទី៤ ទី៥ ទី៦ ជាបន្តទៀត។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿន ទី១ ភ្នំពេញ-ព្រះសីហនុ មានប្រវែង១៩០គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីចុងឆ្នាំ២០២២ ដែលបានប្រើប្រាស់ទុនវិនិយោគប្រមាណ២ពាន់លានដុល្លាអាម៉េរិក៕SRP