រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បើកសិក្ខាសាលាស្តីអំពី “តួនាទី ភារកិច្ច និងក្រមសីលធម៌ វិជ្ជាជីវៈ អ្នកសារព័ត៌មាន “ ដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានអញ្ជើញបើកសិក្ខាសាលាស្តីអំពី “តួនាទី ភារកិច្ច និងក្រមសីលធម៌ វិជ្ជាជីវៈ អ្នកសារព័ត៌មាន “ ដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប។

ពិធីរៀបចំឡើង ដោយមន្ទីរព័ត៌មានខេត្តសៀមរាប នៅសាលប្រជុំធំសាលាខេត្តសៀមរាប នៅថ្ងៃពុធនេះ។

សិក្ខាសាលានាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងអភិវឌ្ឍន៍ធនធានសមត្ថភាពដល់អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធឱ្យកាន់តែប្រសើរឡើង សំដៅរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់សង្គម។

លោក លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានគួស បញ្ជាក់ថា អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកសារព័ត៌មានលើកទី៤ ឆ្នាំ២០១៩ និងលើកទី៥ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅសាលពិរពណ៍កោះពេជ្រ ក្នុងនោះសម្តេចបានជំរុញដល់ក្រសួងស្ថាប័ន និងអង្គភាពមានសមត្ថកិច្ចបង្កើនការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន។ ព្រមជាមួយផែនការសកម្មភាព ប្រចាំឆ្នាំរបស់ក្រសួងព័ត៌មាន ស្តីពីការបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីព័ត៌មាន ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យព័ត៌មាន។ ជារៀងរាល់ឆ្នាំ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះ-បណ្តាល សិក្ខាសាលា និងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មានជាប់ជាប្រចាំ ដើម្បីបង្កើនសមត្ថភាព និងការទំនាក់ទំនងឱ្យមានភាពជិតស្និតងាយស្រួលក្នុងការបំពេញការងារ។
ការងារគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សនប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្ត មានស្ថានីយវិទ្យុកំពុងដំណើរការផ្សាយមានចំនួន ៣៨ស្ថានីយ, ផ្សាយផ្ទាល់មានចំនួន ១៧ស្ថានីយ ,ផ្សាយបន្តមានចំនួន ២១ស្ថានីយ។
– ស្ថានីយទូរទស្សន៍ មានចំនួន ១៨ស្ថានីយ រួមមាន៖ ស្ថានីយទូរទស្សន៍ជាតិខេត្ត (Online) ចំនួន១ស្ថានីយ, ទូរទស្សន៍រលកធាតុអាកាសផ្សាយបន្ត មានចំនួន ១២ស្ថានីយ និងស្ថានីយទូរទស្សន៍ខ្សែកាប មានចំនួន ០៥ស្ថានីយ។
– អង្គភាពគេហទំព័ចំនួន ២៧ អង្គភាព
– ការសែត ១២អង្គភាព (គ្មានសកម្មភាព )
ចំពោះស្នាក់ការអង្គភាពសារព័ត៌មានក្នុងខេត្តមានចំនួន ៣៩ , អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីនៅមន្ទីរព័ត៌មានខេត្ត មាន ៨៦អង្គភាព និងមានភ្នាក់ងារយកព័ត៌មានចំនួន ៣៣០នាក់ ស្រី ៣៣នាក់៕SRP