នៅបំផុត «ធនាគារ ABA» រៀបចំឯកសារផ្លូវច្បាប់ ជាបណ្ដឹងព្រហ្មទណ្ឌ ប្ដឹងអតិថិជនម្នាក់ ទៅតុលាការ

នៅបំផុត «ធនាគារ ABA» រៀបចំឯកសារផ្លូវច្បាប់ ជាបណ្ដឹងព្រហ្មទណ្ឌ ប្ដឹងអតិថិជនម្នាក់ ទៅតុលាការ

នៅទីបំផុត«ធនាគារ ABA» បានរៀបចំឯកសារផ្លូវច្បាប់ ជាបណ្ដឹងព្រហ្មទណ្ឌ ប្ដឹងអតិថិជនម្នាក់ទៅតុលាការក្រោយអតិថិជនរូបនោះ បរិហារកេរ្តិ៍ «ធនាគារ ABA»។

បើតាមសេចក្ដីប្រកាសរបស់«ធនាគារ ABA» សៀមរាប ប៉ុស្ដិ៍ ទទួលបាននៅព្រឹកនេះបានបង្ហាញថា៖ យើងខ្ញុំសូមធ្វើបច្ចុប្បន្នភាពជុំវិញ ករណីចោទប្រកាន់មួយ ដែលបានកើតឡើងកាលពីថ្ងៃទី 08 ខែមេសា ដោយមានអតិថិជនម្នាក់ បានអញ្ជើញទៅសាខាធនាគារ ABA មួយកន្លែង ដើម្បីដាក់ប្រាក់នៅបញ្ជរ ហើយបានអះអាងថា បានបាត់ប្រាក់ចំនួន 1,000,000រៀល (មួយលានរៀល)។ ភ្លាមៗ បន្ទាប់ពីអតិថិជនបានតវ៉ានៅសាខា ក្រុមការងារពាក់ព័ន្ធរបស់យើងខ្ញុំ បានបង្ហាញវីដេអូ ជូនអតិថិជន អំពីដំណើរការនៃការរាប់សាច់ប្រាក់ពីជ្រុង (ប្លង់) ផ្សេងៗគ្នា ដោយវីដេអូនោះ បានចាប់យកសកម្មភាពទាំងស្រុង នៃការរាប់សាច់ប្រាក់របស់ក្រុមការងារ។ ប៉ុន្ដែ ពេលនោះ អតិថិជនមិនព្រមទទួលយកការបកស្រាយពីក្រុមការងារយើងឡើយ ហើយក៏បានចាកចេញពីសាខា។ នៅថ្ងៃទី 8 ខែមេសា អតិថិជនបានបង្ហោះសារនៅលើគណនីហ្វេសប៊ុក ដោយបានចោទប្រកាន់ធនាគារ ABA ហើយបំភ្លៃខុសពីហេតុការណ៍ពិត ដែលបានកើតឡើងជាក់ស្ដែង។

នៅថ្ងៃបន្ទាប់ អតិថិជនក៏បានធ្វើការផ្សាយវីដេអូផ្ទាល់ (live) នៅហ្វេសប៊ុក ដោយបន្តរៀបរាប់អំពីការចោទប្រកាន់បំភ្លៃ និងបំផ្លើសការពិតនោះ។ ទោះជាធនាគារយើងខ្ញុំ បានកំណត់ថ្ងៃជួបប្រជុំជាមួយអតិថិជនរូបនេះ នៅថ្ងៃទី 10 ខែមេសា ដែលបង្ហាញពីឆន្ទៈក្នុងការដោះស្រាយបញ្ហាភាន់ច្រឡំនេះក៏ដោយ ក៏អតិថិជនរូបនេះ នៅតែបន្តបរិហារកេរ្តិ៍ រួមមានខ្លឹមសារ ដែលញុះញង់តាមបណ្ដាញសង្គម ឲ្យគេឈប់ប្រើប្រាស់ធនាគារ ABA។

ធនាគារយើងខ្ញុំនៅតែប្ដេជ្ញាព្យាយាមដោះស្រាយបញ្ហាដោយសន្ដិវិធី និងបានជួបប្រជុំជាមួយអតិថិជន នៅការិយាល័យកណ្តាល នៅថ្ងៃទី 10 ខែមេសា ដើម្បីពិនិត្យករណីនេះឡើងវិញ។ បន្ទាប់ពីបង្ហាញវីដេអូ និងភ័ស្ដុតាងដែលបានរកឃើញផ្សេងៗម្ដងទៀតរួច អតិថិជនបានទទួលស្គាល់ថា ចំនួនទឹកប្រាក់ដែលបានដាក់ គឺពិតជាត្រឹមត្រូវ ហើយមិនមានបាត់បង់ប្រាក់នោះទេ។ នៅថ្ងៃដដែល អតិថិជនរូបនេះ បានផុស លិខិតសុំទោស។ ទោះយ៉ាងណា នៅថ្ងៃនេះ លិខិតនោះលែងមាននៅលើទំព័រ/គណនី ហ្វេសប៊ុក របស់គាត់ទៀតហើយ។

ជាមួយមូលដ្ឋានរឹងមាំដែលបញ្ជាក់ថា ការចោទប្រកាន់របស់អតិថិជន គឺការបំភ្លៃការពិត ហើយដោយផ្អែកលើភ័ស្ដុតាង រួមទាំងការរកឃើញផ្សេងៗ ដែលប្រមូលបាន បច្ចុប្បន្ននេះ ធនាគារ ABA រក្សាសិទ្ធិក្នុងការការពារកេរ្តិ៍ឈ្មោះធុរកិច្ច និងម៉ាកសញ្ញារបស់ខ្លួន ដោយក្នុងនោះរួមមាន ការរៀបចំឯកសារផ្លូវច្បាប់ ក៏ដូចជាបណ្ដឹងព្រហ្មទណ្ឌទៅតុលាការ។

ស្របគ្នានេះដែរ យើងខ្ញុំ សូមរំលឹកអតិថិជនជាថ្មីម្ដងទៀត សូមធ្វើការទាក់ទងមកធនាគារ ABA តាមបណ្ដាញទំនាក់ទំនងផ្សេងៗរបស់យើងខ្ញុំ មុននឹងផុសអំពីបញ្ហាអ្វីមួយនៅលើអ៊ីនធឺណិត ឬបណ្ដាញសង្គម។ នីតិវិធីដោះស្រាយវិវាទនានារបស់ធនាគារយើង មាននៅលើវិបសាយ ។ ការអះអាង និងចោទប្រកាន់ដោយបំភ្លៃការពិត និងគ្មានមូលដ្ឋាន អាចបណ្ដាលឲ្យរងវិធានការផ្នែកច្បាប់ជាធរមាន។

អង្គភាព សៀមរាប ប៉ុស្ដិ៍ មិនអាចទាក់ទង អតិថិជន រូបនោះ ដើម្បីបកស្រាយបំភ្លឺនៅឡើយទេ៕srp