ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃអង្គារនេះ បានប្រើយុទ្ធសាស្ត្រ អនុវត្តយុទ្ធវិធីឈ្នះ ឈ្នះ គឺសម្រេចកាយដីទំនប់កាត់ទន្លេតូចចេញ ដេីម្បីបេីកលំហូរទឹកជូនប្រជាពលរដ្ឋ ផ្នែកខាងក្រោម បានប្រេីប្រាស់ ដោយរក្សាស្ថានភាពទន្លេតូចដូចដេីម និងសាងសង់ស្ពានបេតុងជំនួសវិញ ដេីម្បីសម្រួលដល់ការធ្វេីដំណេីរ។
ការចុះដោះស្រាយករណីនេះ បន្ទាប់ពីមានទំនាស់រវាងប្រជាពលរដ្ឋ ផ្នែកខាងក្រោម និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលបានរួមគ្នាជាមួយ ព្រះគ្រូចៅអធិការវត្តពាមប្រធ្នោះ ដាក់លូ និងចាក់ដីធ្វេីផ្លូវកាត់ទន្លេតូច ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកស្រុក ប៉ុន្តែប្រជាពលរដ្ឋ ផ្នែកខាងក្រោមបានអះអាងថា ពួកគាត់ខ្វះទឹកប្រើប្រាស់។
ប្រជាពលរដ្ឋក្នុងឃុំពាមប្រធ្នោះ បានទះដៃ ស្រែកហ៊ោ សម្តែងនូវអារម្មណ៍សប្បាយរីករាយជាខ្លាំង ខណៈលោក អ៊ុន ចាន់ដា បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនស្ពានបេតុងមួយកន្លែង ឆ្លងកាត់ទន្លេតូចនេះ ដេីម្បីសម្រួលដល់ការធ្វើដំណើរ និងជាចំណងដៃជូនបងប្អូនអ្នកស្រុកកោះសូទិន។ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ បានប្តេជ្ញាបោះឆ្នោតគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតផងដែរ។
លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានឱ្យដឹងថា បេីតាមការសិក្សារបស់មន្ត្រីបច្ចេកទេស គឺក្នុងស្រុកកោះសូទិនទាំងមូល មានគម្រោងសាងសង់ស្ពានបេតុងចំនួន ៤កន្លែងបន្ថែមទៀត នាពេលខាងមុខ ប៉ុន្តែដោយស្ថានភាពចាំបាច់ យើងត្រូវប្រេីប្រាស់គម្រោងឆ្នាំ២០២៣នេះ សម្រាប់សាងសង់ស្ពានបេតុង ១កន្លែងឆ្លងកាត់ទន្លេតូច ត្រង់ចំណុចមុខវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលអាចធ្វើដំណើរឆ្ពោះទៅ ខេត្តត្បូងឃ្មុំ ឬតំបន់ផ្សេងៗទៀត។
បេីតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា គ្រឿងចក្រដែលបានចុះការដ្ឋានខាងលើ រួមមាន៖ អេស្កាវ៉ាទ័រ ១គ្រឿង និងឡានបែន ៣គ្រឿង ប៊ុលដូហ្សែ ១គ្រឿង ដែលចាប់អនុវត្តតាំងពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ ដែលអាចនឹងចំណាយរយៈពេល ៤ថ្ងៃក្នុងការស្តារឱ្យរួចរាល់ជាស្ថាពរ៕SRP