ខេត្តកំពង់ចាម៖ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ ឆ្នាំថោះចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២៣ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធពិធីក្រុងពាលី បួងសួងដើម្បីរៀបចំទទួលទេវតាឆ្នាំថ្មី ប្រពីណីជាតិខ្មែរ។
ពិធីនេះត្រូវបានប្រារព្ធឡើង នៅវត្តនគរបាជ័យ ស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំង ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ ផងដែរ។
គូសបញ្ជាក់ផងដែរថា ពិធីខាងលើនេះ ក៏បាននិមន្តព្រះសង្ឃចំនួន ៧អង្គ សូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រហ្ម ដើម្បី បួងសួងសុំពរសេចក្ដីសុខចម្រើន ពីម្ចាស់ទឹក ម្ចាស់ដី ក៏ដូចជា បួងសួងទៅដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក មានទេវតារក្សាឆ្នាំថ្មី ឆ្នាំថោះ ចត្វាស័ក ព្រះនាមកិមិរាទេវី ជារាជបុត្រីទី៦ នៃកបិលមហាព្រហ្ម ដែលនឹងយាងមកថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រហ្មពរជ័យ សិរីសួស្តី ជ័យមង្គល អាយុយឺនយូរ និងសូមឲ្យរោគារព្យាធិទាំងឡាយ ដែលមាននៅក្នុងឆ្នាំចាស់ វិនាសទៅហោង ហើយសុំសេចក្តីសុខ សព្វសាធុការ ថ្វាយទៅដល់ព្រះមហាក្សត្រខ្មែរ សម្តេចម៉ែ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បី ជាម្លប់ដ៏ត្រជាក់ត្រជុំ ក្នុងការដឹកនាំប្រទេសកម្ពុជា ឱ្យកាន់តែរីកចំរើនទ្វេរឡើង ថែមទៀត។
ពិធីនេះ ក៏មានការអុជធូបថ្វាយផ្កាផ្ញី បួងសួងសុំពរសេចក្ដីសុខ ចម្រើន ពីម្ចាស់ទឹក ម្ចាស់ដី បារមីលោកតាព្រហ្ម ក៏ដូចជា បារមីវត្ថុស័កសិទ្ធិក្នុងលោកទាំងឡាយ ដែលថែរក្សាទឹកដី នៃខេត្តកំពង់ចាម សូមបីបាច់ថែរក្សាថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័ននានា ជុំវិញខេត្ត ព្រមទាំង ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តកំពង់ចាម ឱ្យប្រកបតែពរសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារផងដែរ៕SRP

