ខេត្តសៀមរាប៖នៅទីបំផុតនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប បានចាប់ខ្លួនជនដៃដល់ចំនួន២នាក់ពាក់ព័ន្ធករណីហិង្សារហូតជនរងគ្រោះស្លាប់។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានប្រាប់ សៀមរាប ប៉ុស្ដិ៍ ថាករណីហិង្សាមានស្ថានទម្ងន់ទោស បណ្តាលឲ្យមរណភាព បានកើតឡើងកាលរំលងអាធ្រាតឈានថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចរវង្វង់មូលព្រះរាជដំណាក់ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បន្តថាដោយមានការសម្របសម្រួលពីឯកឧត្តមមាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប តាមរយះលោកឧត្តមសេនីយ៍ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយវរសេនីយ៍ឯក សុខ ម៉េងអ៊ាងបានស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖
១-ឈ្មោះ ឆាយ សាន់ទិក ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ (គ្មាន) កើតនៅភូមិអូរស្មាច់ ឃុំដើមជ្រៃ ស្រុកសំរោង ខេត្តឧត្តមានជ័យ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រងសៀមរាប។
២-ឈ្មោះ សៅ ស៊ីវយុន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ បុគ្គលិកភោជនីយដ្ឋាន កើតនៅភូមិវាល ឃុំគោកចក ស្រុកសៀមរាង ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ក្រងសៀមរាប។
សូមរំលឹកថា- នៅវេលាម៉ោង ០១និង៤០នាទី រំលងអាធ្រាត ឈានថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ មានករណីក្មេងទំនើងមួយក្រុមប្រដាប់ដោយដាវ, កាំបិតភ្គាក់ និងដុមថ្ម បានបើកម៉ូតូប្រដេញក្នុងគោលបំណងកាប់ និងគប់ទៅលើជនរងគ្រោះ ឈ្មោះ តាន់ រាត្រី ហៅកិញ ភេទប្រុស អាយុ ១៩ឆ្នាំ និងឈ្មោះ សឿប សាន់ ភេទប្រុស អាយុ ១៤ឆ្នាំ ចេញពីចំណុចមុខសណ្ឋាគារមហាសណ្ឋាគារអង្គរ (Grand Hotel) បត់ឡើងមកទិសខាងត្បូង ក្នុងល្បឿនលឿន ជិតដល់ចំណុចរង្វង់មូលព្រះរាជដំណាក់។ ម៉ូតូជនរងគ្រោះម៉ាកទ្រីមសង់ ពណ៌ក្រហម សេរីឆ្នាំ២០២១ (គ្មានស្លាកលេខ) បានបើកគេចទៅបុកនឹងឃឿនថ្នល់ ហើយរេទៅបុកបង្គោលដែកបណ្តាលឲ្យម៉ូតូបើងទៅលើឃឿនផ្លូវខាងត្បូងរង្វង់មូល ដោយជនរងគ្រោះឈ្មោះ តាន់ រាត្រី ហៅកិញ ជាអ្នកជិះក្រោយរងរបួសធ្ងន់ស្លាប់ភ្លាមៗ។ ចំណែកអ្នកបើកឌុបឈ្មោះ សឿប សាន់ មានពាក់មួកសុវត្តិភាពរងរបួសស្រាល។
បើតាម លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានបញ្ជាក់ថាជនសង្ស័យ ឈ្មោះ ឆាយ សាន់ទិក បានឆ្លើយសារភាពថា៖ រូបខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន។ ដោយនៅយប់កើតហេតុឈ្មោះ អាដែន (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ ១៧ឆ្នាំ បានបើកម៉ូតូម៉ាកទ្រីមសង សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ កាំរាយឌុបរូបគេ ប្រដាប់ដោយដាវ ផ្លែកដង ដងដែករុំក្រណាត់ពណ៌លៀង ប្រវែងប្រហែល ១ម៉ែត្រ ចំណែកឈ្មោះ អាចិន (មិនស្គាលត្រកូល) ភេទប្រុស អាយុ ១៩ឆ្នាំ បានបើកម៉ូតូម៉ាកទ្រីមសង សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ កាំសន្ទះពណ៌ខ្មៅ ឌុបឈ្មោះ អាតុង (មិនស្គាលត្រកូល) ប្រដាប់ដោយកាំភ្គាក់ ផ្លៃដែក ដងឈើ មានប្រវែងប្រហែល ជាង ១ម៉ែត្រ។ ចំណែកឈ្មោះ សៅ សៀវយុន និងបក្ខពួកផ្សេងទៀតប្រដាប់ដោយដុំថ្ម និងខ្សែក្រវ៉ាត់ បើកម៉ូតូប្រដេញជនរងគ្រោះបណ្តាលឲ្យដួលម៉ូតូស្លាប់និងរងរបួសពិតមែន។
២-ឈ្មោះ សៅ ស៊ីវយុន បានឆ្លើយសារភាពថា៖ នៅក្នុងសកម្មភាពល្មើសខាងលើ រូបគេបានបើម៉ូតូម៉ាក NextII ពណ៌ស សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ សៀមរាប 1AO: 5587 ឌុបឈ្មោះ គល់ ផានិត ហៅចែម ភេទប្រុស អាយុ ១៧ឆ្នាំ ប្រដេញជនរងគ្រោះពិតប្រាកដមែន លុះពេលជនរងគ្រោះបានដួលម៉ូតូ ពួកខ្លួននិងបក្ខពួកបាននាំគ្នាបើកម៉ូតូគេខ្លួនតែម្តង។
ជនសង្ស័យបញ្ជាក់បន្ថែមថា៖មូលហេតុដែលនាំឲ្យពួកគេដេញកាប់ទៅលើជនរងគ្រោះ គឺមកពីជនរងគ្រោះទាំង២នាក់ បើកម៉ូតូកាត់មុខពួកខ្លួនហើយរោទ៍សម្លេងខ្លាំងៗឌឺដងដាក់ពួកខ្លួន ទើបខ្លួនដេញកាប់តែម្តង៕SRP

