អភិបាលខេត្តសៀមរាប ប្រាប់មន្ត្រីពាក់ព័ន្ធទាំងអស់ ឲ្យបន្តសកម្មភាពបង្ក្រាប ទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន

មានប្រសាសន៍ នៅកិច្ចប្រជុំសាមញ្ញលើកទី៤៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣ នៅរសៀលថ្ងៃសុក្រម្សិលមិញ លោក ទៀ សីហា អភិបាលខេត្ត បានថ្លែងជំរុញ ឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសកម្មភាពបង្ក្រាប ទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ លោក ទៀ សីហាអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកងកម្លាំងទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងចូលរួមថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ នៅមូលដ្ឋាន ក៏ដូចជាព្រឹត្តិការណ៏អង្គរសង្ក្រាន្ត ឱ្យបានល្អប្រសើរបន្ថែមទៀតផងដែរ។ នៅក្នុងកិច្ចប្រជុំ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរ ពាក់ព័ន្ធ ក្នុងការចូលរួមថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ ក្នុងខេត្តបានល្អប្រសើរ ការចូលរួមទប់ស្កាត់ បាននូវការរីករាលដាលនូវជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានអនុវត្ត ការងារសម្រេចជោគជ័យ ទៅតាមទិសដៅផែនការ ដែលរដ្ឋបាលខេត្ត បានដាក់ចេញតាមខែនីមួយៗ ផងដែរ៕SRP