ខេត្តសៀមរាប៖ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ទៀ សីហា បានចាត់លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ចំនួន២២គ្រួសារ (រលំ៦ខ្នង និងរបើកដំបូល១៦ខ្នង) ក្នុងនោះ៖
– ឃុំរុនតាឯក ចំនួន ១៩គ្រួសារ (រលំ៤ខ្នង របើកដំបូល១៥ខ្នង)
– ឃុំឃុនរាម ចំនួន ៣គ្រួសារ (រលំ២ខ្នង និងរបើកដំបូល១ខ្នង)។
ពិធីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌ នេះប្រារព្ធនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី នៅថ្ងៃសៅរ៍នេះ។
លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់មចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកស្រី ក៏បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាត ផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ ចង់ជួបប្រទះឡើយ។
លោកស្រី បន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូន នាពេលនេះ មានចំនួនមិនសមល្មម នឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាក របស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ គ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្រី ក៏បានអំពាវនាវ លោកតា លោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣។
សូមបញ្ជាក់ថាអំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖
– គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១៦សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១០កញ្ចប់តូច អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល។
– គ្រួសាររបើកដំបូល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១០សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១០កញ្ចប់តូច អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។ លោកស្រី និងប្រតិភូអមដំណើរបានអញ្ជើញទស្សនកិច្ចក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកនេះផងដែរ៕SRP

