អភិបាលខេត្តកំពង់ចាម៖ សុខសន្តិភាព​ពិត​ជា​​បាន​មក​ដោយ​ការ​លំបាក​ណាស់​ ហើយ​ការ​ការពារ​សុខសន្តិភាព​ កាន់តែ​មាន​ការ​​​លំបាក​ទៅ​ទៀត​

លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​​ សុខសន្តិភាព​ពិត​ជា​​បាន​មក​ដោយ​ការ​លំបាក​ណាស់​ ហើយការការពារសុខសន្តិភាព កាន់តែ​មាន​ការ​​​លំបាក​ទៅ​ទៀត​។ បច្ចុប្បន្ន​កម្ពុជា​មាន​សុខសន្តិភាព​ សុខ​ដុម​រម្យ​នីយ​កម្ម​ ស្ថិរភាពពេញលេញលេីផ្ទៃប្រទេស និង​មាន​ការ​អអភិវឌ្ឍន៍ រីកចម្រើន​ជា​បន្តបន្ទាប់​​​ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​ ដែលបាន​នាំ​មក​នូវ​ការ​បង្រួបបង្រួម​ជាតិ​ ពី​សំណាក់​​​សម្តេច​ តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ដូច្នេះ​សូមឲ្យ​ ពុកម៉ែ​បងប្អូន​ ចូលរួម​ចំណែក​ថែរក្សា​ សុខសន្តិភាព​នេះ​ ​ឲ្យ​បាន​គង់វង្ស​ ដេីម្បី​បន្តការអភិវឌ្ឍន៍ឲ្យ​កាន់តែមានការរីកចម្រើន​បន្ត​ទៅ​ទៀត​។​

អភិបាលខេត្តកំពង់ចាម​ ថ្លែងបែបក្នុងឱកាសចូលរួម​ចែកកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន​ ជូន​ពលរដ្ឋខ្មែរ-ឥស្លាម ៥៥០គ្រួសារ​ ​នៅ​ស្រុកកោះសូទិន នៅរសៀលថ្ងៃម្សិលមិញ។

លោក រ៉ូហ្វី អូស្មាន ក៏បានពាំនាំការសុខទុក្ខពីសំណាក់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់ គណបក្សប្រជាជនកម្ពុជា ដោយលោកបានលើកឡើង ពីសមិទ្ធិផលដែលសហគមន៍ឥស្លាមកម្ពុជា ទទួលបាន ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន និងសុំអោយបងប្អូនប្រជាពលរដ្ឋ បន្តបោះឆ្នោតគាំទ្រដល់ រាជរដ្ឋាភិបាល នៅគ្រប់អាណត្តិ ដើម្បីជាម្លប់សន្តិភាពដល់សង្គមជាតិទាំងមូល​ផងដែរ​។

គួរ​បញ្ជាក់​ថា​ ការ​ចែក​ជូន​កញ្ចប់អាហារស្រាយបួសសំរាប់ប្រជាពលរដ្ឋ ចំនួន ៥៥០គ្រួសារនេះ​ គឺ​មាន​ឯកសណ្ឋានថ្វាយបង្គំ​ ចំនួន២០០ឯកសណ្ឋានសំរាប់យុវជន ស.ស.យ.ក និង សម្ព័នយុវជន CMYA និងថវិការជូនដល់គ្រូបង្រៀន ស្ម័គ្រចិត្ត ខ្មែរឥស្លាម​ ចំនួន៣០រូប គម្រោង​នេះ​ក្រោមកិច្ចសប្រតិបត្តិកា​ជា​មួយ សប្បុរសជនពី ប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី ប្រទេសព្រុយណេរ និងអូស្ត្រាលី សមាគមអាល់រ៉ហ៊ីមមូស្លីមកម្ពុជា ដែល​បាន​ចំណាយថវិកាសរុប ចំនួន ៤៦,០៥០,០០០ រៀល ស្មើរនឹង ១១,៣៧០ដុល្លា សហរដ្ឋអាមេរិក​៕SRP