ខេត្តកំពង់ចាម៖លោកស្រី តោ ពិឡា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបឹងណាយ តំណាងលោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជម្ងឺ សុខភាពភ្នែក មាត់ ធ្មេញ ដែលមាន លោកទន្ត.បណ្ឌិត តោ ប៊ូរផា និងលោកវេជ្ជបណ្ឌិតឯកទេសភ្នែក តោ រេមី ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃក្នុងភូមិត្រពាំងធំ ក្នុងឃុំបឹងណាយ។
លោកស្រី តោ ពិឡា គូសបញ្ជាក់ថា នេះជាលើកទី៧ហើយ បើធៀបទៅនឹងផែនការគ្រោង ចំនួន ១៧លើក ស្មើនឹង ១៧ភូមិ ដែលយើងត្រូវ ដឹកនាំក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅទូទាំងឃុំបឹងណាយ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោកស្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ដែលតែងតែបានចាត់បញ្ជូនក្រុមការងារ គ្រូពេទ្យជំនាញ ចុះបំពេញបេសកកម្ម មនុស្សធម៌ ក្នុងការជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅទីនេះផ្ទាល់ ក៏ដូចជា នៅក្នុងទូទាំងប្រទេស ផងដែរ។
លោកស្រី បានចាត់ទុកសកម្មភាពមនុស្សធម៌ដ៏ឧត្តុងឧត្តមនេះ ពិតជាបានរួមចំណែក ជាមួយរាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជា អាជ្ញាធរដែនដីក្នុងខេត្តកំពង់ចាម ក្នុងការលើកកម្ពស់សុខភាព ប្រជាជន និងអាហារូបត្ថម្ភ ដើម្បី គាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ប្រកបដោយចីរភាព ផងដែរ។
លោកស្រី ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តថែរក្សាសុខភាព ឲ្យបានល្អ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់ ៣កុំ ៣ការពារ ដើម្បី ការពារកុំឲ្យមានជំងឺកូវិដ-១៩ ឆ្លងចូលសហគមន៍ និងបង្ការនូវជំងឺឆ្លងផ្សេងៗ។ ជាមួយគ្នានោះលោកស្រី និងក្រុមការងារ បាននាំយកអំណោយ របស់ លោកប៉ាន សូរស័ក្តិ ចែកជូនស្ត្រីកូនខ្ចីចំនួន ២៤នាក់ នៅភូមិប្រវ៉ាស ភូមិអ្នកតាស្នឹង ភូមិទូលខ្វាវ ភូមិត្រពាំងបិទ នៃឃុំបឹងណាយ ស្រុកព្រៃឈរ។
គួរបញ្ជាក់ថា ការពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃខាងលើនេះ គឺមានកិច្ចសហការ ពីក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ដោយមិនមានការរើសអើង ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ និងមានក្រុមគ្រូពេទ្យជំនាញចំនួន ១៨នាក់។ ក្រៅពីនោះ ក្រុមគ្រូពេទ្យជំនាញបានធ្វើការពិនិត្យ និងព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ និងជំងឺទូទៅ ជូនប្រជាពលរដ្ឋ ចំនួនសរុប ៦៧នាក់ ស្មើនឹង ១៧៨ករណី៕SRP

