លោក សុខ លូ នាំយកទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម ខេត្តបាត់ដំបង ជូន ពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកភ្នំព្រឹក

លោក សុខ លូ នាំយកទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម ខេត្តបាត់ដំបង ជូន ពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកភ្នំព្រឹក

លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងក៏មានការអញ្ជើញចូលរួមពីឧកញ៉ា ស៊ីន ឃីម អនុប្រធានកិត្តិយសសាខាព្រមទាំង គណៈកម្មាធិការសាខាអនុសាខា នៅ
ថ្ងៃសៅរ៍ នេះបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៧២គ្រួសារ ក្នុងឃុំចំនួន២ នៃស្រុកភ្នំព្រឹក ក្នុងនោះឃុំពេជ្រចិន្តា ប៉ះពាល់ចំនួន ៦៩គ្រួសារ មកពីភូមិចំនួនចំនួន៣(រលំទាំងស្រុង៩ខ្នង និងរបើកដំបូល៥៤ខ្នង) ឃុំអូរំដូល ប៉ះពាល់៣គ្រួសារ លើភូមិចំនួន២ក្នុងនោះ (រលំ២ខ្នង របើកដំបូល១ខ្នង) ដែលពិធីសំណេះសំណាលនេះ ប្រារព្ធនៅទីតាំងរងគ្រោះស្ថិតនៅចំណុចសៃឡុកូនភ្នំ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

មានប្រសាសន៍នាឱកាសនោះ លោក សុខ លូ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ។

លោកប្រធានគណៈកម្មាធិការសាខាបានសំដែងនូវការសោកស្ដាយជាពន់ពេក ចំពោះការខូចខាត ផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។

លោកបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ គ្រាន់ជាការសម្រាលទុក្ខលំបាក របស់បងប្អូន បានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ គ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

លោកសុខ លូ ក៏បានក្រើនរំលឹកដល់ លោកយាយ លោកតា អ៊ំពូមីងថា រដូវនេះ ជាចុងរដូវប្រាំងក្កៅហួតហែងខ្លាំង ពេលមានភ្លៀងធ្លាក់ម្ដងៗ គឺលាយឡំដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ ហេតុនេះ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ជាងនេះទៀតសុខភាពជារឿងសំខាន់ណាស់ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្លាល់ខ្លួន និងកុមារតូចៗដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗណាស់ក្នុងរដូវនេះ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ១កេស មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ សំពត់តង់១ ផងដែរ៕SRP