អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញមលោកស ថេត បានបដិសេធថា ឈ្មោះ អ៊ិន សុវិជ្ជា មិនមែនជាជំនួយការរបស់លោកទេ ហើយបើឈ្មោះ អ៊ិន សុវិជ្ជា យកឈ្មោះលោកទៅធ្វើផ្តេសផ្តាស ឬធ្វើអ្វីខុស គឺលោកនឹងអនុវត្តតាមច្បាប់។ ហើយលោកបានឲ្យជំនាញស្រាវជ្រាវដើម្បីចាត់ការតាមផ្លូវច្បាប់។
ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីបែកធ្លាយព័ត៌មានថា “លោក អិន សុវិជ្ជា (ហៅកាត់មេជា ក្រុមជំនួយការ) មិនមែនជានគរបាលជាតិ តែគឺជាជនស៊ីវិល …. ប្រមូលលុយពីផែននីមួយៗ ដូចជា ផែនសណ្តាប់ធ្នាប់ ផែនការិយាល័យចរាចរណ៍ និងផែនការិយាល័យព្រហ្មទណ្ឌ។ល។ លោកវិជ្ជា បានគំរាមមន្ត្រីណាដែលហ៊ានតតាំងមិនព្រមធ្វើតាមបញ្ជា ឬបង់ខែតាមការកំណត់ គឺគាត់ដកតួនាទៅមន្ត្រីនោះចោល”។
ព័ត៌មានដែលបែកធ្លាយនោះ ក៏បានបង្ហាញពីឈ្មោះមន្ត្រីមួយចំនួនផងងដែរ ដែលពាក់ព័ន្ធជាមួយនឹងឈ្មោះ អិន សុវិជ្ជា ក្នុងការប្រព្រឹត្តអំពើពុករលួយផងដែរ។
លោក ស ថេត បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាតាមមទូរស័ព្ទនៅថ្ងៃទី១ ខែមេសា នេះថា “ខ្ញុំបានណែនាំកាលពីម្សិលមិញហើយ (៣១ មីនា) ខ្ញុំបានព័ត៌មាននឹងមក ប៉ុន្តែខ្ញុំកំពុងតែឲ្យគេស្រាវជ្រាវសិន ជំនួយការខ្ញុំមានតែប៉ុន្មាននាក់ទេ ពីរបីនាក់ទេ ក្រៅពីនឹងខ្ញុំលុបចោលអស់ហើយ ប៉ុន្តែឈ្មោះ អិន សុវិជ្ជា មិនមែនទេ។ បើវាយកឈ្មោះខ្ញុំយកទៅធ្វើចឹង ខ្ញុំឲ្យគេអនុវត្តតាមច្បាប់ ខ្ញុំអត់មានគិតរឿងអ្នកណាមកពីណាទេ ។ ហើយបើទោះបីជាវាជាំនួយការពិតក៏មិនអាចទៅធ្វើចឹងបានដែរ។ ខ្ញុំបានឲ្យគេស្រាវជ្រាវហើយ ចាត់ការតាមផ្លូវច្បាប់។
បញ្ជាក់ លោកសាន សុខសីហា , លោក ហេង ហ៊ុយ , លោក អ៊ិន សុវិជ្ជា រួមទាំងមន្ត្រីមួយចំនួនទៀត បានរង់ការចោទប្រកាន់ក្នុងការប្រព្រឹត្តអំពើពុករលួយ។ ហើយក៏មានការស្នើឲ្យសម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណញឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលករណីនេះផង។
លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបារាជធានីភ្នំពេញ បានបញ្ជាក់ថា “ជារឿងពិតមិន មានក្រុមមួយកំពុងព្យាយាមបង្កើតរឿងបង្ខូចកិត្តិយស កំពុងស្រាវជ្រាវរកមុខក្រុមទាំងនេះ”។
ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីមានការចែករំលែកព័ត៌មាននៅក្នុងគ្រុបតេឡេក្រាមឈ្មោះ ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
ចំណែកមន្ត្រីជាន់ខ្ពស់ខុទ្ទកាល័យសម្តេចស ខេង បានប្រាប់រស្មីកម្ពុជា ថា ចំពោះព័ត៌មាននេះ បានបញ្ជូនឲ្យខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិនិត្យស្រាវជ្រាវដើម្បីរាយការណ៍មកក្រសួងមហាផ្ទៃវិញ៕SRP