មន្ទីរសង្គមកិច្ចខេត្តកំពង់ចាម ប្រកាស ជ្រើសរើស ឪពុកម្តាយធម៌ កូនភ្លោះ២នាក់ ដែលត្រូវគេបោះបង់ចោលតាមផ្លូវ

មន្ទីរសង្គមកិច្ចខេត្តកំពង់ចាម ប្រកាស ជ្រើសរើស ឪពុកម្តាយធម៌ កូនភ្លោះ២នាក់ ដែលត្រូវគេបោះបង់ចោលតាមផ្លូវ

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីប្រកាសជ្រើសរើស ឪពុកម្តាយធម៌  ដើម្បីថែទាំជំនួសទារកភ្លោះទាំង ២នាក់ ដែលត្រូវបានឪពុកម្តាយបោះបង់ចោល តាមផ្លូវ។

លោកស្រី​ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមានបំណងធ្វើជាឪពុកម្ដាយធម៌ ដែលមានចិត្តស្រឡាញ់កុមារ ជាពិសេស ស្ម័គ្រចិត្តក្នុងការ យក​ទារកខាងលើ ទៅចិញ្ចឹម ទំនាក់ទំនងមក មន្ទីរសង្គមកិច្ច ដោយធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទលេខ ៖ ០៩២ ៧៧៩ ៦១៩ និង ០១២ ៨៣៧ ៩៧៣ ដើម្បី សាកសួរព័ត៌មានលម្អិត និងដាក់ពាក្យសុំ។

បើតាមលោក ទូច វឌ្ឍនា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិតសម្បទា ខេត្តកំពង់ចាម ឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ឈ្មោះ លឹម សុខហ៊ុយ ភេទប្រុស សញ្ជាតិខ្មែរ រស់នៅភូមិតាអុក ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានរើសទារកភ្លោះ ០២នាក់(ប្រុស) ដែលត្រូវបានឪពុកម្តាយ បោះបង់ចោល នៅតាមផ្លូវក្បែរវត្តជយរាម (ហៅវត្តស្តើងជ័យ) ស្ថិតក្នុងភូមិស្តើងជ័យ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ហើយបានយកទារកភ្លោះនោះ មកមើលថែទាំ នៅឯផ្ទះរបស់​ខ្លួន​។

លោក​បន្តថា នៅថ្ងៃទី២៧ ខែមីនា កន្លងទៅ លោកស្រី​ អនហេង លក្ខិណា បានអញ្ជើញចុះសួរសុខទុក្ខទារកភ្លោះទាំង ០២នាក់ នោះ​ ឃើញថា សុខភាពមិនសូវល្អ ដោយសារកើតមិនគ្រប់ខែ ក៏បញ្ជូនមកមន្ទីរពេទ្យកុមារខេត្តកំពង់ចាម បន្តការថែទាំ ហើយនៅថ្ងៃម្សិលមិញ លោកស្រី​ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានចុះទទួលកូនភ្លោះទាំង២នាក់ កំពុងថែទាំ នៅមន្ទីរពេទ្យខេត្តកំពង់ចាម៕SRP