សម្តេចហ៊ុន​ សែន​ ផ្ដល់អំណោយដល់ ពលរដ្ឋ​៥៧គ្រួសារ​ រងគ្រោះដោយ​ខ្យល់​កន្ត្រាក់​ នៅ​ស្រុកស្ទឹងត្រង់​

សម្តេចហ៊ុន​ សែន​ ផ្ដល់អំណោយដល់ ពលរដ្ឋ​៥៧គ្រួសារ​ រងគ្រោះដោយ​ខ្យល់​កន្ត្រាក់​ នៅ​ស្រុកស្ទឹងត្រង់​

ខេត្តកំពង់ចាម​៖សម្តេចនាយករដ្ឋមន្ត្រីហ៊ុន​ សែន​ បានផ្ដល់អំណោយដល់ ប្រជាពលរដ្ឋ​រងគ្រោះ​ ដោយ​ខ្យល់​កន្ត្រាក់​ ខូចខាត​ផ្ទះ​សំបែង​ ចំនួន​៥៧គ្រួសារ​ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​។

ការផ្ដល់អំណោយ​ តាមរយៈ​លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅ​សាលា​ស្រុក​ស្ទឹងត្រង់​ នៅរសៀលថ្ងៃទី​៣១​ ខែមីនា​ ឆ្នាំ​២០២៣​។ 

ក្នុងឱកាសចំណែកអំណោយលោក​ អ៊ុន​ ចាន់ដា​  បានពាំនាំនូវការផ្តាំផ្ញើ​ សាកសួរសុខទុក ពី​សំណាក់​ សម្តេចតេជោ​ ហ៊ុន​ សែន​ និង​ជា​ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បាន​ចូលរួម​សោកស្ដាយ​ ចំពោះ​ការ​ខូចខាត​ ផ្ទះ​សំបែង​ របស់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​បង្ក​ឡើង​​ដោយ​កត្តា​គ្រោះ​ធម្មជាតិ​នេះ​។

លោកអ៊ុន​ ចាន់ដា​ ក៏បាន​ក្រេីនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឱ្យ​បង្កេីន​ការ​ប្រុងប្រយ័ត្ន​ នៅ​ពេល​មាន​​ភ្លៀង​ខ្យល់​ផ្គរ​រន្ទះ​ ព្រោះ​មាន​ហានិភ័យ​ខ្ពស់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ បាន​គ្រប់​ពេល​ ជាពិសេស​កូនចៅ​តូចៗ​ កុំ​ឲ្យ​ចេញ​ក្រៅផ្ទះ​ ឬ​នៅ​ទីវាល។

លោក អ៊ុន​ ចាន់ដា​ ក៏​បាន​ផ្តាំផ្ញេី​ដល់ប្រជាពលរដ្ឋ​ ឱ្យ​យក​ថវិកា​ ដែល​ទទួល​បាន​ក្នុង​ការ​ឧបត្តម្ភ​នេះ​ ទៅ​ទិញ​សម្ភារ​ ដេីម្បី​កសាង​លំនៅឋាន​ឡើង​វិញ​ ហើយ​ត្រូវ​បន្ត​ប្រកប​មុខរបរ​ទទួលទាន​ ឬ​ធ្វើ​ការ​ដាំដុះ​​ បង្កបង្កើនផល​ឡើង​វិញ​ផងដែរ​។

គួរ​បញ្ជាក់​ថា​ អំណោយដែលផ្ដល់ជូនពលរដ្ឋទាំងចំនួន ៥៧ គ្រួសារ ដោយ​ក្នុង១គ្រួសារ ទទួលបានអង្កចំនួន ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ តង់១។​ ដោយឡែក គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរ ចំនួន ៥គ្រួសារ ក្នុង​ ១គ្រួសារ ទទួលបានថវិកាចំនួន ២០០.០០០រៀល និង គ្រួសារដែលរងគ្រោះ មធ្យមចំនួន ៥២ គ្រួសារ គឺក្នុង ១គ្រួសារ ទទួលបានថវិកាចំនួន ១០០.០០០រៀល ផងដែរ​។

បេីតាម​លោក បាន ស្រេង អភិបាលរង ស្រុកស្ទឹងត្រង់ បានឱ្យដឹងថា កាលពី​ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ កន្លង​ទៅ​នេះ​ មានភ្លៀងធ្លាក់ លាយខ្យល់យ៉ាងខ្លាំង​ បណ្តាល​ឱ្យ​ប្រជាពលរដ្ឋក្នុងភូមិចំនួន ៦ ដែល​មាន ៥៧គ្រួសារ ក្នុងនោះ រលំផ្ទះផ្ទះ ៥ខ្នង និងរបើកដំបូល ចំនួន ៥២ខ្នង តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡេីយ​៕SRP